សម្ដេចធិបតី៖ រាជរដ្ឋាភិបាលបន្តផ្តល់បណ្ណ ប.ស.ស និងការឧបត្ថម្ភផ្សេងទៀត ជូនដល់អតីតយុទ្ធជន

ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា យកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាព និងសុខភាពរបស់អតីតយុទ្ធជន និងបន្តផ្តល់បណ្ណ ប.ស.ស និងការឧបត្ថម្ភផ្សេងទៀតជូនដល់អតីតយុទ្ធជន។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានថ្លែងថា បច្ចុប្បន្នរាជរដ្ឋាភិបាល បានផ្តល់បណ្ណថែទាំសុខភាព ប.ស.ស ជូនជនមានពិការភាព ​និវត្តជន និង ជនបាត់បង់សមត្ថភាពការងារ និងបណ្ណមូល​និធិសមធម៌សុខាភិបាល ជូនអ្នកកាន់សៀវភៅធនាគាររបស់គ្រួសារជនពលី និងគ្រួសារជន​មរណៈជាអតីតយុទ្ធជន ដើម្បីទៅពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យដែលបានចុះកិច្ច​សន្យាជាមួយ ប.ស.ស ដោយមិនបង់ប្រាក់ឡើយ។

សម្តេចធិបតី មានប្រសាសន៍ថា ការធ្វើសមាហរណកម្មនៅក្នុងប្រព័ន្ធរបបសន្តិសុខសង្គមថ្មី និងការគណនាគឺស្របតាមតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានរបស់អតីតយុទ្ធជន ចន្លោះឆ្នាំ ២០២០ ដល់ ២០២៣ ព្រមជាមួយនោះរាជរដ្ឋាភិបាលក៏បានដំឡើងរបបសន្តិសុខសង្គមប្រចាំខែ​ដែលទាបជាង ឬស្មើ៧៧ម៉ឺនឱ្យដល់៨២ម៉ឺន ៥ពាន់រៀល ដែលបានអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២៤មក។ ក្រៅពីនេះ រាជរដ្ឋាភិបាលក៏បានផ្តល់ប្រាក់ឧបត្ថម្ភ​ក្នុងឱកាសបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិធីបុណ្យភ្ជុំបន្ថែមដល់អតីតយុទ្ធជនផងដែរ។

សូមជម្រាបថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានគ្រប់គ្រងទិន្នន័យអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ត្រូវបានធ្វើបច្ចុប្បន្នភាព និងគ្រប់ គ្រងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីធានានូវប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការបើកផ្ដល់របបសន្តិសុខសង្គមប្រចាំខែ។

សម្តេចធិបតីបញ្ជាក់ថា ការបើកផ្ដល់របបសន្តិសុខសង្គមប្រចាំខែចំនួនពីរសប្តាហ៍ម្តងក្នុងខែនីមួយៗ ត្រូវបានដាក់ឱ្យអនុវត្តចាប់ពីខែមករាឆ្នាំ២០១៩ មកម៉្លេះ។ តាមសារាចរណែនាំរបស់ រាជរដ្ឋាភិបាល ដោយសហការជាមួយធនាគារដៃគូ និងបានដាក់ឱ្យដំណើរការសេវាប្រើប្រាស់ កាតអេធីអឹម (ATM) សំដៅបង្កើនភាពងាយស្រួល ក្នុងការបើកប្រាក់សោធនប្រចាំខែតាមប្រព័ន្ធធនាគារ ជូនដល់បងប្អូនអតីតយុទ្ធជនដែលត្រូវបានអនុវត្តចាប់ពីខែមេសាឆ្នាំ២០១៧កន្លងមកផងដែរ៕អត្ថបទ៖វ៉ន ដារ៉ា