មន្ត្រីជាន់ខ្ពស់វៀតណាមទៅកាន់អាមេរិក ក្រោយលោកBiden ខកចិត្តចំពោះដំណើរទស្សនកិច្ចរបស់មេដឹកនាំរុស្ស៊ី

សហរដ្ឋអាមេរិកបានស្វាគមន៍រដ្ឋមន្ត្រីផែនការ និងវិនិយោគរបស់វៀតណាមកាលពីថ្ងៃអង្គារ ២៥ មិថុនា សម្រាប់កិច្ចពិភាក្សាស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ហើយបាននិយាយថា ទំនាក់ទំនងមានភាពរឹងមាំជាងពេលណាៗទាំងអស់ ប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងហាណូយធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនខកចិត្តដោយសារតែទទួលស្វាគមន៍វត្តមានលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin។

ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា កិច្ចសន្ទនាក្នុងសប្តាហ៍នេះនឹងគ្របដណ្តប់លើសន្តិសុខសេដ្ឋកិច្ច បន្ទះឈីបអេឡិចត្រូនិក បរិយាកាសវិនិយោគ សេដ្ឋកិច្ចឌីជីថល អ៊ីនធឺណិត ថាមពល និងសារធាតុរ៉ែសំខាន់ៗ។

កាលពីឆ្នាំមុន ទីក្រុងវ៉ាស៊ីនតោនបានធ្វើឲ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងវៀតណាមបានប្រសើរឡើង ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងអំឡុងទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីចុងឆ្នាំ២០២៣។

ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ទៅកាន់ប្រទេសវៀតណាមកាលពីសប្តាហ៍មុនបានទាក់ទាញការរិះគន់យ៉ាងខ្លាំងពីអាមេរិក។

ក្រោយមក ទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ខ្លួននឹងបន្តផ្តោតលើការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយទីក្រុងហាណូយ ខណៈសហរដ្ឋអាមេរិក ព្យាយាមប្រឆាំងនឹងគូប្រកួតប្រជែងដ៏មានឥទ្ធិពលរបស់ខ្លួនគឺប្រទេសចិន៕