នគរបាលខណ្ឌព្រែកព្នៅ បញ្ជូនជនសង្ស័យម្នាក់«គ្រូផេះគ្រូអង្កាម» ទៅកាន់តុលាការ​ពាក់ព័ន្ធការប្រើប្រាស់អាវុធខុសច្បាប់

នគរបាលខណ្ឌព្រែកព្នៅ បានឃាត់ខ្លួន និងបញ្ជូនជនសង្ស័យ ម្នាក់ ដែលគេស្គាល់ថាជា គ្រូផេះ​គ្រូអង្កាម​ទៅកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី នាព្រឹក​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធការប្រើប្រាស់អាវុធខុសច្បាប់ ។

សូមបញ្ជាក់ថានៅពេលថ្មីៗនេះមាន ការបង្ហោះចែកចាយឃ្លីបវីដេអូផ្សព្វផ្សាយលើបណ្ដាញសង្គម ពាក់ព័ន្ធ​សកម្មភាពប្រើប្រាស់អាវុធដើម្បីយកមកបាញ់ ខ្លួនឯងផ្ទាល់ ដោយសារ​ចង់​បញ្ជាក់​អំពី​ក្បួន​វេទនម្តខ្លាំងក្លាបង្ហាញដល់អ្នកដទៃមើលថាខ្លួនពូកែ ។ បន្ទាប់ពីឃើញ​ការ​ផ្សព្វផ្សាយ​ពត៌​មាន​នេះ​ភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នង​ការ​នគរបាល​រាជ​ធានី​ភ្នំពេញ​បានដាក់បទបញ្ជាទៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅចុះស្រាវជ្រាវ និ​ង​កោះ​ហៅ​គ្រូឈ្មោះ ណុប សក្កដា ហៅគ្រូផេះគ្រូអង្គាម ភេទប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិត្រពាំងស្នោរ សង្កាត់​ពញ្ញាពន់ ខណ្ឌព្រែកព្នៅ យកមកសួរនាំនៅអអិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ជុំវិញ​ការ​ប្រើ​ប្រាស់​អាវុធក្រោយពីកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅសាកសួរ។

បន្ទាប់ពីសាកសួររួច ឯកឧត្តមអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បាន​បញ្ជា​ឲ្យ​ឃាត់​ខ្លួនជនសង្ស័យដើម្បីអនុវត្តតាមផ្លូវច្បាប់ ជាមួយគ្នានោះបើ​យោង​តាម​ចម្លើយ​សារភាព​របស់​ជន​សង្ស័យគឺអាវុធខ្លីនោះគាត់រើសបាន ជាប្រភេទអាវុធខ្លីម៉ាកlock ហើយគាត់​ប្រើ​ប្រាស់​បាញ់ មកលើខ្លួនឯងចំនួន០៤គ្រាប់ដើម្បីអួតអ្នកភូមិពីមហិទ្ធិប្ញទ្ធិខ្លាំងពូកែបាញ់មិនមុត ក្នុង​ពិធី​ឡើង​អាស្រម​បារមីនៅផ្ទះរបស់គាត់កាលពីខែមេសាឆ្នាំ២០២២ ។

ជនសង្ស័យបានបញ្ជាក់ថា អាវុធខ្លីដែលខ្លួនរើសបាននោះ ក្រោយធ្វើការបាញ់រួច គាត់យកទៅ​បោះចោល​នៅ​ក្នុងជ្រោះមួយកន្លែងក្នុងខេត្តក្រចេះ៕ អត្ថបទ៖ កុម្ភះ