WHO៖ មនុស្សជិត ៣ លាននាក់បានស្លាប់រៀងរាល់ឆ្នាំទូទាំងពិភពលោកដោយសារគ្រឿងស្រវឹង

WHO៖ មនុស្សជិត ៣ លាននាក់បានស្លាប់រៀងរាល់ឆ្នាំទូទាំងពិភពលោកដោយសារគ្រឿងស្រវឹង

អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃអង្គារ (២៥ មិថុនា) ថា គ្រឿងស្រវឹងបានសម្លាប់មនុស្សជិត ៣ លាននាក់ជារៀងរាល់ឆ្នាំ ដោយបន្ថែមថា ខណៈពេលដែលអត្រាមរណភាពបានធ្លាក់ចុះបន្តិចក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វានៅតែ «ខ្ពស់ខ្លាំងមិនអាចទទួលយកបាន»។

របាយការណ៍ចុងក្រោយរបស់ទីភ្នាក់ងារសុខភាព របស់អង្គការសហប្រជាជាតិ ស្តីពីគ្រឿងស្រវឹង និងសុខភាពបាននិយាយថា គ្រឿងស្រវឹងជាមូលហេតុពីក្រោយការស្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ ក្នុងចំណោមអ្នកស្លាប់ ២០ នាក់នៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំ តាមរយៈការបើកបរក្នុងគ្រឿងស្ថានភាពស្រវឹង អំពើហិង្សាដែលបណ្ដាលមកពីគ្រឿងស្រវឹង ព្រមទាំងការរំលោភបំពាន និងជំងឺ និងបញ្ហាផ្សេងៗជាច្រើន។

របាយការណ៍នោះបាននិយាយថាការស្លាប់ចំនួន ២,៦ លាននាក់ត្រូវបានសន្មតថាមកពីការប្រើប្រាស់គ្រឿងស្រវឹងក្នុងឆ្នាំ២០១៩ ដែលជាស្ថិតិចុងក្រោយបង្អស់ ដោយនេះជាចំនួន ៤,៧ ភាគរយនៃការស្លាប់ទាំងអស់នៅទូទាំងពិភពលោកក្នុងឆ្នាំនោះ ដែលប្រហែលជិតបីភាគបួននៃអ្នកស្លាប់ទាំងនោះជាបុរស។

អគ្គនាយក WHO លោក តេដ្រូស អាដហាណូម ហ្កេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) បាននិយាយថា «មានការថយចុះមួយចំនួននៃការប្រើប្រាស់គ្រឿងស្រវឹង និងគ្រោះថ្នាក់ដែលពាក់ព័ន្ធនៅទូទាំងពិភពលោកចាប់តាំងពីឆ្នាំ២០១០ មក»។ លោកបន្តថា «ប៉ុន្តែបន្ទុកសុខភាព និងសង្គមដោយសារការប្រើប្រាស់គ្រឿងស្រវឹងនៅតែខ្ពស់មិនអាចទទួលយកបាន» ដោយបានគូសបញ្ជាក់ថា មនុស្សវ័យក្មេងត្រូវបានរងផលប៉ះពាល់ខ្លាំងជាងគេ៕