សម្ព័ន្ធមិត្តអឺរ៉ុបស្វែងរកការរួបរួមជាមួយអ៊ុយក្រែន ខណៈអាមេរិកព្យាយាមរៀបចំការ​ចរចាបញ្ចប់ជម្លោះ

ក្រុមមេដឹកនាំអឺរ៉ុបកាលពីថ្ងៃសៅរ៍ ១៥ ខែកុម្ភៈ បានព្យាយាមបង្ខំខ្លួនទៅកាន់តុចរចាណាមួយស្តីពីសង្គ្រាមអ៊ុយក្រែន ខណៈក្រុងវ៉ាស៊ីនតោនបានប្រកាសថាក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកគ្រោងនឹងជួបនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតជាមួយសមភាគីមកពីទីក្រុងមូស្គូ និងគីវ។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្លាស់ប្តូរស្ថានការណ៍ជាក់ស្ដែងនៅសប្តាហ៍នេះ នៅពេលលោកបានប្រកាសថា លោកទំនងជានឹងជួបមេដឹកនាំរុស្ស៊ី លោក Vladimir Putin ក្នុងពេលឆាប់ៗនេះ ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាបញ្ចប់ជម្លោះ ដោយទុកឲ្យសម្ព័ន្ធមិត្តអាមេរិកនៅអឺរ៉ុបព្រួយបារម្ភថាវត្តមានរបស់ពួកគេនឹងត្រូវដកចេញ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រ៉ូប៊ីយ៉ូ (Marco Rubio) ទីប្រឹក្សាសន្តិសុខជាតិ លោក Mike Waltz និងបេសកជនទទួលបន្ទុកតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff នឹងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីពិភាក្សាបទឈប់បាញ់ជាមួយក្រុមអ្នកចរចាររុស្ស៊ី និងអ៊ុយក្រែន នេះបើតាមការបញ្ជាក់របស់មន្ត្រីអាមេរិកកាលពីថ្ងៃសៅរ៍ ដោយពុំបានផ្តល់ព័ត៌មានលម្អិតអំពីពេលវេលានៃកិច្ចប្រជុំនោះទេ។

អ្នកសារព័ត៌មាន AFP ម្នាក់ បានរាយការណ៍ថា ប្រមុខការទូតអាមេរិក ខាងលើគ្រោងទៅដល់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ជាផ្នែកនៃដំណើរទស្សនកិច្ចដំបូងរបស់លោកនៅមជ្ឈិមបូព៌ា ដែលបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ នៅពេលលោកបានទៅដល់ប្រទេសអ៊ីស្រាអែល៕