អាល្លឺម៉ង៖ អឺរ៉ុប និងអាមេរិក មិនត្រូវបែកបាក់គ្នាក្នុងកិច្ចចរចាសន្តិភាពអ៊ុយក្រែនឡើយ ខណៈច្រានចោលការបញ្ជូនទាហាន

អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានអំពាវនាវឱ្យមានឯកភាពរវាងអឺរ៉ុប និងអាមេរិក លើការទទួលខុសត្រូវចំពោះសន្តិសុខអ៊ុយក្រែន ក្នុងជំនួបបន្ទាន់មួយនៅថ្ងៃអង្គារសប្ដាហ៍នេះក្រោយកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិក ដើម្បីចាប់ផ្តើមកិច្ចចរចាជាមួយរុស្ស៊ី ដោយមិនពិគ្រោះជាមួយសហភាពអឺរ៉ុប។

លោក Scholz បានប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំកំពូលអឺរ៉ុបបន្ទាន់ នៅទីក្រុងប៉ារីសថា មិនត្រូវបែកបាក់គ្នាផ្នែកសន្តិសុខ និងការទទួលខុសត្រូវរវាងអឺរ៉ុប និងសហរដ្ឋអាមេរិកឡើយ។ម្យ៉ាងទៀត សម្ព័ន្ធយោធាណាតូគឺផ្អែកលើការពិតដែលថាយើងតែងតែធ្វើសកម្មភាពរួមគ្នា និងចែករំលែកហានិភ័យក្នុងការធានាបាននូវសុវត្ថិភាពរបស់យើង។

កាលពីថ្ងៃចន្ទ អធិការបតីអាល្លឺម៉ង់រូបនេះនិយាយថា ការជជែកដេញដោលលើការបញ្ជូនកងរក្សាសន្តិភាពទៅអ៊ុយក្រែន គឺឆាប់រហ័សពេក និងមិនសមទំនងទាល់តែសោះ ខណៈសង្រ្គាមកំពុងបន្ត។ ក្រុមមេដឹកនាំអ៊ឺរ៉ុបបានបើកកិច្ចពិភាក្សាបន្ទាន់នៅទីក្រុងប៉ារីសដើម្បីយល់ព្រមការឆ្លើយតបក្រោមការសម្របសម្រួលចំពោះការផ្លាស់ប្តូរគោលនយោបាយដ៏គួរឱ្យភ្ញាក់ផ្អើលលើសង្រ្គាមដោយរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោក Donald Trump ។

មេដឹកនាំអឺរ៉ុបភ័យខ្លាចថាលោក Trump គ្រោងបង្កើតសន្តិភាពជាមួយរុស្ស៊ីនៅក្នុងកិច្ចចរចាដោយគ្មានវត្តមានអ៊ុយក្រែន និងសហភាពអឺរ៉ុប។ ប៉ុន្តែការបញ្ជូនទាហានអឺរ៉ុបទៅអ៊ុយក្រែននៅពេលអនាគត សូម្បីតែបន្ទាប់ពីបទឈប់បាញ់ ក៏បានបង្កការប៉ះពាល់រួចទៅហើយ។ លោក Scholzថា នៅពេលនេះ វាលឿនពេក ហើយខុសពេលវេលាក្នុងការពិភាក្សាលើបញ្ហានេះ។នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Keir Starmer បាននិយាយកាលពីថ្ងៃអាទិត្យ ១៦ កុម្ភៈថា លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ជូនកងទ័ពអង់គ្លេស ទៅកាន់អ៊ុយក្រែន ជាផ្នែកនៃកងកម្លាំងរក្សាសន្តិភាពក្រោយសង្គ្រាម ខណៈលោកព្យាយាមបង្ហាញសហរដ្ឋអាមេរិកថា បណ្ដាប្រទេសអឺរ៉ុបគួរតែមានតួនាទីនៅក្នុងកិច្ចពិភាក្សាស្តីពីការបញ្ចប់ជម្លោះ៕