តម្រូវការដ៏ខ្ពស់ផ្នែកសន្តិសុខ បានជះស្រមោលថ្មីលើហិរញ្ញវត្ថុដ៏លំបាករបស់អឺរ៉ុប

មេដឹកនាំអឺរ៉ុប បានដឹងជាយូរមកហើយថា ប្លុកនេះកំពុងរស់នៅលើសពីភាពវ័យចំណាស់ និងសេដ្ឋកិច្ចនៅទ្រឹងរបស់ខ្លួន ប៉ុន្តែពេលនេះ តម្រូវការដ៏ខ្ពស់ផ្នែកសន្តិសុខ បានជះស្រមោលយ៉ាងស្រអាប់ថ្មីលើហិរញ្ញវត្ថុដែលកំពុងរងបន្ទុកជាច្រើនរួចទៅហើយ។ សំណួរពេលនេះគឺថា តើភាពស្រពេចស្រពិលក្នុងអាណត្តិសេតវិមានលើកទីពីររបស់លោក Donald Trump មានន័យថា អឺរ៉ុបនឹងត្រូវចាត់វិធានការដ៏ធំមួយដែរឬទេ។

តិចជាងមួយខែបន្ទាប់ពីប្រធានាធិបតីអាមេរិករូបនេះបានស្បថចូលកាន់តំណែង ទីក្រុងវ៉ាស៊ីនតោន ដែលធ្លាប់ជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់ទ្វីបអឺរ៉ុប បានប្រកាសថាខ្លួនឈប់ចំណាយប្រាក់ដើម្បីរក្សាសន្តិភាពនៅអឺរ៉ុបហើយ។ ប៉ុន្តែបើឥឡូវនេះ អឺរ៉ុបត្រូវចំណាយខ្ពស់លើការចំណាយលើវិស័យការពារជាតិរបស់ខ្លួន – ស្របពេលសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន – នោះជារឿងដែលប្រថុយនឹងការបំផ្លិចបំផ្លាញប្រព័ន្ធថវិកា ដែលកំពុងតែលំបាកស្រាប់ទៅហើយក្នុងការផ្តល់មូលនិធិដល់សុខុមាលភាពប្រជាជន។

រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានប្រាប់សន្និសីទសន្តិសុខទីក្រុង Munich កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនថា “អឺរ៉ុបនឹងត្រូវប្រឈមមុខនឹងថ្ងៃដ៏លំបាក ធ្វើការសម្រេចចិត្តដ៏ស្មុគស្មាញ និងត្រូវធ្វើការលះបង់ដែលមិនរំពឹងទុក ដើម្បីធានាបាននូវសន្តិសុខ”។

ទោះយ៉ាងណាក៏ដោយ អ្នកខ្លះខ្លាចប្រតិកម្មតានតឹងផ្នែកនយោបាយ ប្រសិនបើរដ្ឋាភិបាលសុខចិត្តកាត់បន្ថយការចំណាយសង្គម ហើយយកទៅទិញអាវុធ និងបង្កើនទាហានបន្ថែម។ ជម្រើសមួយសម្រាប់អឺរ៉ុបនៅពេលនេះ ប្រហែលជាសង្ឃឹមថា ការចាកចេញរបស់លោក Trump ក្នុងរយៈពេល ៤ឆ្នាំទៅមុខទៀត នឹងអនុញ្ញាតឱ្យចំណងឆ្លងអាត្លង់ទិកត្រូវបានស្តារឡើងវិញ៕