អ្នកស្លាប់ឡើងដល់ជាង៥០នាក់ខណៈអាមេរិកប្តេជ្ញាបន្តវាយប្រហារក្រុមហ៊ួទី លុះត្រាឈប់វាយប្រហារលើការដឹកជញ្ជូន

រដ្ឋមន្ត្រីការពារជាតិអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យ ១៦ មីនា ថា សហរដ្ឋអាមេរិកនឹងបន្តវាយប្រហារលើក្រុមហ៊ួទី(Houthi)របស់ប្រទេសយេម៉ែន លុះត្រាពួកគេបញ្ឈប់ការវាយប្រហារលើការដឹកជញ្ជូន ខណៈក្រុមមានសម្ព័ន្ធភាពគាំទ្រដោយអ៊ីរ៉ង់មួយនេះលើកឡើងថា ខ្លួនអាចបង្កើនការឆ្លើយតបទៅនឹងការវាយប្រហារដ៏សាហាវរបស់អាមេរិកកាលពីមួយថ្ងៃមុន។

ការវាយប្រហារតាមអាកាស ដែលក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហ៊ួទី បាននិយាយថា បានសម្លាប់មនុស្សយ៉ាងហោចណាស់៥៣ នាក់ គឺជាប្រតិបត្តិការយោធាដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា ចាប់តាំងពីប្រធានាធិបតីលោក Donald Trump ចូលកាន់តំណែងក្នុងខែមករា។ មន្ត្រីអាមេរិកម្នាក់បានប្រាប់សារព័ត៌មាន Reuters ថាយុទ្ធនាការនេះអាចបន្តច្រើនសប្តាហ៍។

មេដឹកនាំក្រុមហ៊ួទី លោក Abdul Malik al-Houthi បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមសកម្មប្រយុទ្ធរបស់លោកនឹងដាក់គោលដៅលើនាវាអាមេរិកនៅក្នុងសមុទ្រក្រហម ដរាបណាសហរដ្ឋអាមេរិកនៅតែបន្តការវាយប្រហារលើប្រទេសយេម៉ែន។

លោកបាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា ប្រសិនបើពួកគេបន្តការឈ្លានពាន យើងនឹងបន្តបង្កើនការវាយប្រហារ ។

ការិយាល័យនយោបាយរបស់ក្រុមចលនាហ៊ួទី បានហៅការវាយប្រហារថាជា “ឧក្រិដ្ឋកម្មសង្គ្រាម” ខណៈទីក្រុងមូស្គូបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនបញ្ឈប់ការវាយប្រហារ។

អ្នកនាំពាក្យយោធារបស់ក្រុមនេះ កាលពីថ្ងៃអាទិត្យ បាននិយាយដោយពុំបង្ហាញភស្តុតាងថា ក្រុមនេះបានកំណត់គោលដៅលើនាវាផ្ទុកយន្តហោះអាមេរិក USS Harry S Truman និងនាវាចម្បាំងរបស់ខ្លួននៅក្នុងសមុទ្រក្រហម ដោយប្រើមីស៊ីលបាលីស្ទីក និងយានដ្រូន ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក៕