ក្រុមមន្ត្រីរដ្ឋាភិបាលស្ថិតក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនបន្ទាប់ពីមនុស្សយ៉ាងហោចណាស់៥៩នាក់បានស្លាប់ និងជាង១០០នាក់ផ្សេងទៀតបានរងរបួសក្នុងអគ្គិភ័យនៅក្លឹបរាត្រីមួយកន្លែងក្នុងប្រទេសម៉ាសេដូនីខាងជើង កាលពីព្រឹកថ្ងៃអាទិត្យ។
អគ្គិភ័យបានឆាបឆេះឡើងនៅក្លឹបរាត្រី Pulse ក្នុងទីក្រុង Kočani នៅម៉ោងប្រហែល២និង៣៥នាទី ព្រឹក អំឡុងពេលការប្រគុំតន្ត្រីដោយក្រុម DNK ដែលជាក្រុមចម្រៀងហ៊ីបហបដ៏ពេញនិយមនៅក្នុងប្រទេសនេះ។
យោងតាមរដ្ឋមន្ត្រីមហាផ្ទៃ លោក ផានឆេ តូសកូវស្គី (Panche Toshkovski) បានឱ្យដឹងថា អគ្គិភ័យនេះត្រូវបានគេជឿថា បានចាប់ផ្តើមនៅពេលមានផ្កាភ្លើងចេញពីឧបករណ៍បាញ់កាំជ្រួចភ្ញី ទៅប៉ះពិដាន ដែលធ្វើពីវត្ថុធាតុងាយឆេះ ហើយបានឆាបឆេះយ៉ាងលឿន។
លោកបានបន្តថា អ្នករងរបួសជាង ២០នាក់ និងអ្នកស្លាប់បីនាក់ មានអាយុក្រោម ១៨ឆ្នាំ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកខាងលើ បានប្រាប់សន្និសីទសារព័ត៌មានថា ក្រុមអាជ្ញាធរបានចាប់ខ្លួនមនុស្សប្រហែល ២០ នាក់ពាក់ព័ន្ធនឹងអគ្គិភ័យនេះ រួមទាំងមន្ត្រីរដ្ឋាភិបាល និងអ្នកគ្រប់គ្រងក្លឹបរាត្រី “Pulse” ដែលមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ។
ក្រុមសាច់ញ្ញាតិបានរង់ចាំពោពេញដោយកំហឹងនៅខាងក្រៅមន្ទីរពេទ្យសម្រាប់ដំណឹងជនរងគ្រោះក្រោយកើតហេតុ ស្របពេលនគរបាលបន្តការស៊ើបអង្កេតពីមូលហេតុពិតប្រាកដនាំឲ្យមានអគ្គិភ័យនោះ៕
Leave a Reply