កូរ៉េខាងត្បូង ចាប់ផ្តើមសមយុទ្ធកាំភ្លើងធំនៅតាមព្រំដែន ជាលើកដំបូងក្នុងរយៈពេល ៦ឆ្នាំ

ប្រទេសកូរ៉េខាងត្បូង បានបន្តធ្វើសមយុទ្ធកាំភ្លើងធំបាញ់គ្រាប់ពិត នៅក្បែរព្រំដែនជាមួយប្រទេសកូរ៉េខាងជើង នៅថ្ងៃអង្គារនេះ ជាលើកដំបូង ក្នុងរយៈពេល ៦ឆ្នាំ បន្ទាប់ពីការព្យួរកិច្ចព្រមព្រៀងកាត់បន្ថយភាពតានតឹងអន្តរកូរ៉េ ដែលបានដាក់កម្រិតសមយុទ្ធបែបនេះ។

ទាហានបានបាញ់ប្រហែល ១៤០គ្រាប់ ដោយប្រើកាំភ្លើងបាញ់ផ្លោង K9 និង K105A1 ក្នុងអំឡុងពេលធ្វើសមយុទ្ធនៅជួរមុខ ក្នុងខេត្ត Gyeonggi និង Gangwon ដែលស្ថិតនៅចម្ងាយ ៥គីឡូម៉ែត្រពីខ្សែបន្ទាត់ព្រំដែនយោធា ក្នុងតំបន់គ្មានយោធា (DMZ) ដែលខណ្ឌចែកប្រទេសកូរ៉េទាំងពីរ។ នេះបើយោងតាមកងទ័ព។

កងទ័ព បាននិយាយថា៖«សមយុទ្ធបាញ់គ្រាប់កាំភ្លើងធំ ជាសមយុទ្ធលើកដំបូង ដែលត្រូវបានធ្វើឡើងនៅលើដី បន្ទាប់ពីសមយុទ្ធ ត្រូវបានធ្វើឡើងជាធម្មតា បន្ទាប់ពីការផ្អាកទាំងស្រុងរបស់រដ្ឋាភិបាលនៃកិច្ចព្រមព្រៀងយោធាថ្ងៃទី ១៩ ខែកញ្ញា ដែលផ្តោតលើការពង្រឹងការត្រៀមកាំភ្លើងធំ និងសមត្ថភាពឆ្លើយតប ក្នុងករណីមានការបង្កហេតុពីសត្រូវ»។

កងទ័ព បានបន្ថែមថា៖«កងកម្លាំងយោធា នឹងធ្វើសមយុទ្ធកាំភ្លើងធំជាទៀងទាត់ និងការហ្វឹកហ្វឺនសម នៅតាមតំបន់ព្រំដែន ឆ្ពោះទៅមុខ»។

ចំណាត់ការនេះ បានកើតឡើងរយៈពេលជិតមួយខែ បន្ទាប់ពីកូរ៉េខាងត្បូង បានផ្អាកទាំងស្រុងនូវកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េឆ្នាំ ២០១៨ កាលពីថ្ងៃទី៤ ខែមិថុនា បន្ទាប់ពីយុទ្ធនាការរបស់កូរ៉េខាងជើង និងការប៉ុនប៉ង ដើម្បីរំខានដល់សញ្ញា GPS នៅជិតប្រជុំកោះព្រំដែន។

ប្រទេសកូរ៉េខាងជើង បានបង្ហោះបាឡុងដែលផ្ទុកសំរាមជាង ២.០00 ឆ្លងកាត់ព្រំដែន ចាប់តាំងពីចុងខែឧសភា ជាសកម្មភាពប្រឆាំងនឹងខិត្តប័ណ្ណប្រឆាំងក្រុងព្យុងយ៉ាង ដែលបញ្ជូនដោយអ្នករត់ចោលស្រុក កូរ៉េខាងជើង និងសកម្មជន នៅភាគខាងត្បូង។