ប្រព័ន្ធផ្សព្វផ្សាយ Sky News៖ UN ជំរុញឲ្យរុស្ស៊ីបញ្ឈប់បង្កការខូចខាតដល់ប្រព័ន្ធផ្កាយរណបអឺរ៉ុប

សហភាពទូរគមនាគមន៍អន្តរជាតិរបស់អង្គការសហប្រជាជាតិ (ITU) បានស្នើឲ្យរុស្ស៊ីបញ្ឈប់ការជ្រៀតជ្រែក ឬបង្កការខូចខាតដល់ប្រព័ន្ធផ្កាយរណបរបស់អឺរ៉ុប ដោយសារការធ្វើបេបនេះ នាំឲ្យមានគ្រោះថ្នាក់ដល់ការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Sky News។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ Sky News កាលពីសប្តាហ៍មុន ITU បានពិនិត្យពាក្យបណ្តឹងមួយចំនួនពីអ៊ុយក្រែន និងប្រទេសចំនួន៤ នៅសហភាពអឺរ៉ុប (EU) គឺបារាំង ហូឡង់ ស៊ុយអែត និងលុចសំបួ ដែលចោទប្រកាន់ពីការជ្រៀតជ្រែករបស់រុស្ស៊ី ក្នុងប៉ុន្មានខែថ្មីៗនេះ។

ពួកគេបានអះអាងថា សញ្ញា GPS (ជីភីអេស) ត្រូវបានជាប់គាំង ការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ត្រូវបានធ្វើឲ្យរអាក់រអួល ហើយប៉ុស្តិ៍ទូរទស្សន៍របស់កុមារ ត្រូវបានរំខាន ក្នុងគោលបំណងបង្ហាញរូបភាពដ៏ឃោរឃៅនៃសង្រ្គាម នៅប្រទេសអ៊ុយក្រែន។

ITU «បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងក្លារបស់ខ្លួន ទាក់ទងនឹងការប្រើប្រាស់សញ្ញា ដើម្បីបង្កឲ្យមានការរំខានប្រកបដោយគ្រោះថ្នាក់ដោយចេតនា»។ ពួកគេបានបន្ថែមថា ការរំខាននៅក្នុងបណ្តាញផ្កាយរណបរបស់បារាំង និងស៊ុយអែត ហាក់ដូចជាមានប្រភពចេញពីស្ថានីយផែនដី ដែលមានទីតាំងនៅតំបន់របស់ទីក្រុងមូស្គូ គឺ Kaliningrad និង Pavlovka។

ITU បានហៅឧប្បត្តិហេតុទាំងនេះថា ជាបញ្ហា «គួរឲ្យព្រួយបារម្ភបំផុត និងមិនអាចទទួលយកបាន» នោះឡើយ ហើយបានស្នើឲ្យរុស្ស៊ីបញ្ឈប់សកម្មភាពភ្លាមៗ ហើយធ្វើការស៊ើបអង្កេត៕