មូលដ្ឋានទ័ពអាកាសអ៊ុយក្រែន រងការវាយប្រហារ ខណៈរុស្ស៊ីមានបំណងកម្ទេច F-16

សំឡេងផ្ទុះបានបន្លឺឡើងលាន់ពេញផ្ទៃមេឃ នាពេលព្រឹកព្រលឹម ខណៈដែលកងការពារដែនអាកាសអ៊ុយក្រែន បានការពារការវាយប្រហាររបស់រុស្សីទៅលើទីក្រុងតូចមួយនេះ នៅភាគខាងលិចប្រទេសអ៊ុយក្រែន ដែលជាទីតាំងមូលដ្ឋានទ័ពអាកាសដ៏សំខាន់ និងជាគោលដៅវាយប្រហារញឹកញាប់របស់ទីក្រុងមូស្គូ។

នៅរយៈពេលប៉ុន្មានម៉ោងក្រោយការវាយប្រហារនោះ ផ្លូវដែលមានភាពរៀបរយ នៅទីក្រុង Starokostiantyniv បានវិលទៅរកសភាពធម្មតាវិញ។ ប៉ុន្តែការវាយប្រហារ កាលពីថ្ងៃទី២៧ ខែមិថុនា គឺជាការក្រើនរំលឹកយ៉ាងច្បាស់លាស់ អំពីបញ្ហាប្រឈមដែលទីក្រុងគីវ ត្រូវជួបប្រទះ ខណៈដែលខ្លួនបានកសាងឡើងវិញនូវកម្លាំងទ័ពអាកាសដែលមានកម្រិតទាបរបស់ខ្លួន និងដាក់ពង្រាយយន្តហោះចម្បាំងដំបូងបង្អស់ F-16 ដែលផលិតដោយសហរដ្ឋអាមេរិក ពោលគឺយន្តហោះចម្បាំងដែលរុស្ស៊ីនឹងប្តេជ្ញាធ្វើយ៉ាងណាមិនឲ្យហោះហើរបាន ឬកម្ទេចចោលតែម្ដង។

យន្តហោះចម្បាំងដំបូង ត្រូវបានគេរំពឹងថា នឹងទៅដល់ក្នុងខែនេះ ហើយអ៊ុយក្រែនសង្ឃឹមថា ពួកគេនឹងជួយជំរុញកងកម្លាំងដែលកំពុងប្រឹងទប់ទល់នឹងការវាយលុករបស់រុស្ស៊ី នៅតាមខ្សែត្រៀមជួរមុខ ដែលរួមមានទាំងគ្រាប់បែកអាចសម្ងំ ឬលាក់ខ្លួនដ៏មហន្តរាយ ដែលយន្តហោះ F-16 អាចរំខានបាន។

ក្រុមមន្ត្រីមិនបានបង្ហាញពីកន្លែងដែលជាមូលដ្ឋានរបស់យន្តហោះ F-16 នោះទេ ប៉ុន្តែបន្ទាប់ពីការវាយប្រហារលើទីក្រុង Starokostiantyniv កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ទីក្រុងមូស្គូបាននិយាយថា ខ្លួនបានកំណត់គោលដៅលើអាកាសយានដ្ឋានដែលខ្លួនជឿថា នឹងដាក់យន្តហោះទាំងនោះ។

គួរបញ្ជាក់ថា មូលដ្ឋានទ័ពអាកាសបានទទួលរងការវាយប្រហារជាញឹកញាប់ គិតចាប់តាំងពីថ្ងៃដំបូងនៃការលុកលុយរបស់រុស្ស៊ី ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ក្នុងនោះរួមទាំងពីការវាយប្រហារពីយានដ្រូន និងមីស៊ីលល្បឿនលឿនជាងសំឡេងផងដែរ៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *