មនុស្ស ៤ នាក់របួស និងជាងពីរពាន់នាក់រងផលប៉ះពាល់នៅហ្វីលីពីន ដោយសារព្យុះស៊ីក្លូនត្រូពិច

រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃអាទិត្យ (២៦ ឧសភា) ថា ព្យុះស៊ីក្លូនត្រូពិច អេវីនែរ (Ewiniar) បានបង្កឱ្យមានទឹកជំនន់ និងបំណាក់ដីនៅតំបន់មួយចំនួននៃប្រទេសហ្វីលីពីន ដោយបានធ្វើឱ្យមនុស្ស ៤ នាក់រងរបួស និងបង្កផលប៉ះពាល់ដល់មនុស្សប្រមាណ ២.៧៣៤ នាក់។

នៅក្នុងរបាយការណ៍មួយ ក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NDRRMC) របស់ហ្វីលីពីនបាននិយាយថា អ្នករងរបួសទាំង ៤ នាក់នោះមកពីតំបន់ ប៊ីខូល (Bicol) ភាគអាគ្នេយ៍នៃរដ្ឋធានីម៉ានីល ហើយរហូតមកដល់ពេលនេះមិនមានអ្នកស្លាប់ត្រូវបានរាយការណ៍ទេ។

ឆ្មាំល្បាតឆ្នេរហ្វីលីពីនបាននិយាយថា ទន្ទឹមនឹងនោះ អ្នកដំណើរជាង ៦.០០០ នាក់ អ្នកបើកបររថយន្តដឹកទំនិញ និងរថយន្តសណ្ដោងដឹកទំនិញត្រូវបានជាប់គាំងនៅក្នុងកំពង់ផែទាំងអស់ទូទាំងប្រទេសកាលពីព្រឹកថ្ងៃអាទិត្យ ដោយសារតែលក្ខខណ្ឌអាកាសធាតុមិនអំណោយផល។

ព្យុះ អេវីនែរ ដែលជាព្យុះស៊ីក្លូនដំបូងគេដែលបានវាយប្រហារហ្វីលីពីនក្នុងឆ្នាំនេះ បានជះឥទ្ធិពលដល់តំបន់ ប៊ីខូល នៅលើកោះ លូហ្ស៊ូន (Luzon) ដ៏សំខាន់ និងតំបន់ វីសាយ៉ាស (Visayas) ភាគខាងកើតនៅកណ្តាលប្រទេសហ្វីលីពីន។ ការិយាល័យអាកាសធាតុរបស់រដ្ឋបាននិយាយថា ព្យុះនេះនឹងបន្តឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់ជាច្រើន រួមទាំងទីក្រុងរណបម៉ានីល ដោយព្រមានអំពីលទ្ធភាពទឹកជំនន់ និងបំណាក់ដីដ៏ធ្ងន់ធ្ងរ៕