អគ្គិភ័យបានឆាបឆេះរាលដាល បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់មួយដែលត្រូវបានគេរៀបចំសម្រាប់ប្រជាជនប៉ាឡេស្ទីនភៀសខ្លួន ក្នុងទីក្រុង Rafah តំបន់ហ្កាហ្សា កាលពីយប់ថ្ងៃអាទិត្យ។ រូបភាពទទួលបានដោយសារព័ត៌មាន Reuters បង្ហាញពីមនុស្សបានប្រមូលផ្តុំនៅជិតអគ្គិភ័យដ៏ធំ។
យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានវាយប្រហារស៊ីបគោលដៅទៅលើបរិវេណក្រុមហាម៉ាសនៅភាគខាងត្បូងទីក្រុងរ៉ាហ្វា តំបន់ហ្កាហ្សា ប៉ុន្តែកំពុងពិនិត្យមើលឧបទ្ទវហេតុនេះបន្ទាប់ពីមានសេចក្តីរាយការណ៍ថាការវាយប្រហារ បានបណ្តាលឱ្យមានអគ្គិភ័យ និងបណ្តាលឲ្យជនស៊ីវិលស្លាប់ និងរងរបួស។ យន្តហោះរបស់កងកម្លាំងការពារជាតិអ៊ីស្រាអែលមួយគ្រឿង បានវាយប្រហារទៅលើបរិវេណក្រុមហាម៉ាសក្នុងទីក្រុង Rafah ជាកន្លែងដែលក្រុមភេរវករហាម៉ាស កំពុងធ្វើប្រតិបត្តិការ។ ការវាយប្រហារនេះ ត្រូវបានធ្វើឡើងទៅលើគោលដៅស្របច្បាប់ក្រោមច្បាប់អន្តរជាតិ ដោយប្រើអាវុធស៊ីបគោលដៅ និងផ្អែកលើការស៊ើបការណ៍ច្បាស់លាស់ ដែលបង្ហាញពីការប្រើប្រាស់តំបន់នេះរបស់ហាម៉ាស។
មន្ត្រីសុខាភិបាលប៉ាឡេស្ទីន និងអង្គភាពសេវាសង្គ្រោះបន្ទាន់ស៊ីវិល បាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់៤០នាក់ និងរងរបួសរាប់សិបនាក់នៅក្នុងតំបន់មួយនៅភាគខាងត្បូងទីក្រុង Rafah តំបន់ហ្កាហ្សា ជាកន្លែងត្រូវបានរៀបចំ សម្រាប់ជនភៀសខ្លួន។
ការវាយប្រហារ បានកើតឡើងនៅក្នុងសង្កាត់ Tel Al-Sultan នៅភាគខាងលិចទីក្រុង ជាកន្លែងដែលមនុស្សរាប់ពាន់នាក់កំពុងជ្រកកោន បន្ទាប់ពីមនុស្សជាច្រើនបានភៀសខ្លួនចេញពីតំបន់ភាគខាងកើត ទីក្រុង ដែលកងកម្លាំងអ៊ីស្រាអែល បានចាប់ផ្តើមការវាយលុកតាមជើងគោក កាលពី២សប្តាហ៍មុន។
Leave a Reply