ភាគខាងកើតប្រទេសចិន កំពុងប្រឈមគ្រោះទឹកជំនន់ ខណៈភ្លៀងធ្វើឱ្យកម្រិតទឹកទន្លេឡើងខ្ពស់

កំណើនដ៏គ្រោះថ្នាក់នៃកម្រិតទឹកនៅក្នុងទន្លេ ឆាងជាំង (Yangtze River) បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅភាគខាងត្បូងប្រទេសចិន បានជំរុញឱ្យភាគខាងកើតនៃតំបន់ក្រោមខ្សែរទឹកត្រៀមខ្លួនសម្រាប់លទ្ធភាពទឹកជំនន់។ កម្រិតទឹកនៅផ្នែកដៃទន្លេក្នុងខេត្ត ជាំងស៊ូ (Jiangsu) នៃទន្លេវែងបំផុតរបស់ប្រទេសចិននេះ បានបន្តកើនឡើងកាលពីថ្ងៃពុធ (០៣ កក្កដា) ដែលជាលទ្ធផលនៃកំណើនលំហូរពីផ្នែកខាងលើរបស់វា ក៏ដូចជាដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ទីក្រុង ណានជីង (Nanjing) នៃខេត្ត ជាំងស៊ូ ភាគខាងកើតរបស់ប្រទេសចិន បានចេញការព្រមានអំពីទឹកជំនន់កម្រិតខ្ពស់បំផុតទីពីររបស់ខ្លួន ហើយអាជ្ញាធរបានហាមឃាត់នាវាផ្សេងៗ រួមទាំងសាឡាងដឹកអ្នកដំណើរ មិនឱ្យចូល ឬដំណើរការនៅក្នុងតំបន់ដៃទន្លេនោះ។

ក្រសួងធនធានទឹកចិន បាននិយាយកាលពីថ្ងៃអង្គារថា កម្រិតទឹកនៅផ្នែកកណ្តាល និងផ្នែកខាងក្រោមនៃទន្លេ ឆាងជាំង លើសពីសញ្ញាព្រមាន។ កម្រិតទឹកនៅបឹង ផូយ៉ាង (Poyang) ក្នុងខេត្ត ជាំងស៊ី (Jiangxi) ជាទីដែលអាជ្ញាធរបានបើកការឆ្លើយតបកម្រិតទីពីរសម្រាប់ការគ្រប់គ្រងទឹកជំនន់ចាប់តាំងពីយប់ថ្ងៃអង្គារមកនោះ ក៏ត្រូវបានឃ្លាំមើលយ៉ាងដិតដល់ផងដែរ។

ភ្លៀងធ្លាក់ខ្លាំងបានវាយលុកផ្នែកខ្លះនៃខេត្ត ហ៊ូណាន (Hunan) ភាគកណ្តាលប្រទេសចិន កាលពីដើមសប្តាហ៍នេះ ដែលបណ្តាលឱ្យទន្លេ មីលួ (Miluo) ក្នុងតំបន់ ភីងជាំង (Pingjiang) ហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៧០ ឆ្នាំ។ អាជ្ញាធរក្នុងតំបន់ក្នុងខេត្តហ៊ូណាន បានបើកការឆ្លើយតបគ្រាអាសន្នកម្រិតខ្ពស់បំផុត ហើយមនុស្សប្រហែល ៣៤០.០០០ នាក់នៅក្នុងប្រទេសចិន និងអាជីវកម្មនានាត្រូវបានរងផលប៉ះពាល់៕