ក្រុមហេសបូឡា អះអាងថា ខ្លួននឹងឈប់ប្រយុទ្ធជាមួយអ៊ីស្រាអែល បន្ទាប់ពីមានបទឈប់បាញ់ នៅហ្កាហ្សា

មេដឹកនាំរងនៃក្រុមសកម្មប្រយុទ្ធលីបង់ហេសបូឡា បាននិយាយកាលពីថ្ងៃអង្គារថា ផ្លូវប្រាកដតែមួយគត់ទៅកាន់បទឈប់បាញ់ នៅព្រំដែនលីបង់ និងអ៊ីស្រាអែល គឺជាបទឈប់បាញ់ពេញលេញ នៅតំបន់ហ្កា ហ្សា។

លោក Sheikh Naim Kassem ដែលជាមេដឹកនាំរងរបស់ក្រុមហេសបូឡា បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន AP នៅការិយាល័យនយោបាយរបស់ក្រុមនេះ នៅជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូតថា៖«ប្រសិនបើមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា យើងនឹងបញ្ឈប់ ដោយពុំចាំបាច់        មាមានការពិភាក្សាណាមួយឡើយ»។

លោក Kassem បាននិយាយថា ការចូលរួមរបស់ក្រុមហេសបូឡា ក្នុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស បានក្លាយជា «គាំទ្រដ៏សំខាន់» សម្រាប់សម្ព័ន្ធមិត្តរបស់ខ្លួន គឺក្រុមហាម៉ាស ហើយ «ប្រសិនបើសង្រ្គាមត្រូវបញ្ចប់ ការគាំទ្រផ្នែកយោធានេះ នឹងលែងមានតទៅទៀតហើយ»។

ប៉ុន្តែលោកបាននិយាយថា ប្រសិនបើអ៊ីស្រាអែលពង្រីកប្រតិបត្តិការយោធារបស់ខ្លួនដោយគ្មានកិច្ចព្រមព្រៀងឈប់បាញ់ជាផ្លូវការ និងការដកចេញទាំងស្រុងពីតំបន់ហ្កាហ្សានោះ ផលប៉ះពាល់សម្រាប់ជម្លោះ     ព្រំដែនលីបង់ និងអ៊ីស្រាអែល គឺមានតិចតួច។