តាមរយះបណ្តាញសង្គមហ្វេសបុកបានធ្វើអោយយើងដឹងថា នៅក្នុងពិធីបុណ្យប្រពៃណីចូលឆ្នាំខ្មែរឆ្នាំ២០២៥នេះ អាជ្ញាធរគ្រប់រាជធានីខេត្តបានរៀបចំពិធីកំសាន្តសប្បាយដែលបានទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋយ៉ាងច្រើនកុះករលើសឆ្នាំមុនៗ។
ការរៀបចំសង្ក្រាន្តឆ្នាំ២០២៥ នៅខេត្តព្រៃវែង កាលពីថ្ងៃទី១៤មេសាមានទទួលបានអ្នកមកចូលរួម លេងកម្សាន្តចំនួនប្រមាណ ៧៥ម៉ឺននាក់។ «សង្ក្រាន្តកំពង់ចាម ឆ្នាំ២០២៥» រយៈពេល២ថ្ងៃដំបូង រួមទាំង តំបន់ ទេសចរណ៍នានា ទូទាំងខេត្តកំពង់ចាមទៀតផងបានទាក់ទាញប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិបានជាង ២លាននាក់ ។ «សង្រ្កានខេត្តកំពង់ស្ពឺ»នៅថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំខ្មែរមានប្រជាពលរដ្ឋ ចំនួន៧៥ម៉ឺននាក់ បានមកចូលរួម។ «សង្រ្កាន្តបាត់ដំបង»នៅថ្ងៃដំបូងមានប្រជាពលរដ្ឋ ចំនួន៤០ម៉ឺននាក់ បានមកចូលរួម។ ចំណែកឯ«សង្រ្កាន្តវត្តភ្នំ ឆ្នាំ២០២៥» និង Walk Street នៅថ្ងៃទី២នៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានភ្ញៀវ ទេសចរជាតិ និងអន្តរជាតិជិត៨០ម៉ឺននាក់ បានមកកំសាន្ត។ ដោយឡែកថ្ងៃទី១ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥នៅខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរប្រមាណជិត ៨០ម៉ឺននាក់ ខណៈភ្ញៀវទេសចរបរទេសមានចំនួន ៤,៥៣៧នាក់ផ្សេងទៀត។
អភិបាលរាជធានីខេត្តមួយចំនួនបានចូលរួមកំសាន្តសប្បាយជាមួយប្រជាពលរដ្ឋដោយផ្ទាល់ ខណៈខ្លួនប្រាណទទឹកជោក ប៉ុន្តែមានស្នាមញញឹមជាមួយម៉្សៅពេញមុខ។ កម្លាំងទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋអោយមកចូលរួមដូចនេះ កើតឡើងបន្ទាប់ពី អាជ្ញាធររាជធានីខេត្តរហូតខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ និង ស្ទឹងត្រែង ក៏មានរៀបចំកម្មវិធីកំសាន្តសប្បាយដែរ ដូចជា លេងល្បែងប្រជាប្រិយ បោះអង្គុញ ចោលឈូង ទាញព្រ័ត្រ ការប្រកួតចំណាប់អុកចត្រង្គ ការប្រកួតបាល់ទះក្នុងភក់ ការឡើងសសរខ្លាញ់ជាពិសេសគឺការរៀបចំតំបន់ត្រជាក់ចិត្ត ដែលមានដាក់រថយន្តបាញ់ទឹក។ ដោយឡែកខេត្តមួយចំនួនទៀតមានរៀបចំការប្រឡងចម្រៀង ប្រឡងស្រីស្រស់ប្រុសស្អាត ជាដើម។ ទន្ទឹមនេះនៅពេលយប់មានរៀបចំការប្រគំតន្រ្តី លេងល្បែងប្រជាប្រិយខ្មែរ បាញ់កាំជ្រូច និងការសម្តែងទស្សនីយភាពល្ខោនយីកេខ្នាតធំ “រឿងតេជោជ្រែកដី” ជាដើម។ កំណើនបរិមាណប្រជាពលរដ្ឋចេញទៅកំសាន្តសប្បាយនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ បានបង្ហាញអោយឃើញពីកត្តា ជីវភាពប្រជាពលរដ្ឋ សន្តិសុខ និងស្ថេរភាពនយោបាយនៅកម្ពុជាយ៉ាងពិតប្រាកដ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា នៅក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៥ ក្រោមប្រធានបទ “ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី” កាលពីរសៀលថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០២៥ នៅខេត្តសៀមរាប បានបញ្ជាក់ ថា មានកត្តា ៣ ដែលធ្វើឱ្យប្រជាជនសប្បាយរីករាយ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ៖ ទី១.គឺ កត្តាសុខសន្តិភាព និង សុវត្ថិភាព ដែលប្រជាពលរដ្ឋ មានលទ្ធភាពធ្វើដំណើរ ដោយគ្មានការភ័យខ្លាច។ ទី២ គឺហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់របស់យើងកាន់តែប្រសើរ ដែល អនុញ្ញាតឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានទៅគ្រប់ទីកន្លែង។ និងទី៣ គឺមធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋ មានកាន់តែច្រើន ដែលឆ្លុះបញ្ចាំងពីភាពប្រសើរឡើងនៃកម្រិតជីវភាពរបស់ ប្រជាពលរដ្ឋ។
ការរៀបចំសង្ក្រាន្តនៅគ្រប់រាជធានី-ខេត្ត ក្រុង ស្រុក ទូទាំងប្រទេសនេះ គឺជាឱកាសបាន បង្ហាញនូវ វប្បធម៌ ប្រពៃណីរបស់យើង សម្រាប់ជាមោទនភាព ហើយក៏ជាការអភិរក្ស សម្រាប់ផ្នែកសិល្បៈ វប្បធម៌ និង អត្តសញ្ញាណជាតិរបស់យើង ។ ពោលគឺការរៀបចំសង្ក្រាន្តនៅគ្រប់រាជធានី-ខេត្ត បានទាក់ទាញភ្ញៀវទេសចរ និងលើកតម្កើងតម្លៃវប្បធម៌របស់ជាតិយើង ៕ អត្ថបទ៖ ពេជ ប៊ុនរ៉ា អេបក្រសួងព័ត៌មាន(MoINFO APP)
Leave a Reply