បងប្អូនប្រជាពលរដ្ឋ និងទេសចរអន្តរជាតិប្រមាណជាង៥៧៧៣០០នាក់ បានមកចូលមកលេងកម្សាន្ដសង្ក្រាន្តកំពង់ស្ពឺ នៅថ្ងៃទី២នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

កំពង់ស្ពឺ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥– ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិយ៉ាងច្រើនកុះករ បាននាំគ្នាមកលេងកម្សាន្តនៅ «សង្ក្រាន្តកំពងស្ពឺ ឆ្នាំ២០២៥» និងនៅតាមតំបន់ទេសចរណ៍នានា ទូទាំងខេត្តកំពង់ស្ពឺ ដោយរដ្ឋបាលខេត្តបានបង្កើតព្រឹត្តិការណ៍ជាច្រើន។

សង្ក្រាន្តកំពង់ស្ពឺទទួលបានទេសចរជាតិ អន្តរជាតិ និងអ្នកដើរ ចំនួន៥៧៧ ៣២៥ នាក់ ក្នុងនោះទេសចរជាតិចំនួន៥៧៦ ៣៥០ នាក់ និងទេសចរបរទេសចំនួន៩៧៥ នាក់។ នេះតាមការបញ្ជាក់របស់គេហទំព័រជាផ្លូវការនៃរដ្ឋបាលខេត្តកំពង់ស្ពឺដែលបានចុះផ្សាយនៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។

គេហទំព័រនោះក៏បានឱ្យដឹងទៀតថា សង្ក្រាន្ន្តកំពង់ស្ពឺថ្ងៃទី២ទទួលបានការចូលរួមពីឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំខេត្តជាច្រើនរូបទៀត និងប្រកបដោយស្នាមញញឹម សប្បាយរីករាយ។

ចំពោះព្រឹត្តិការណ៍សង្ក្រាន្តកំពង់ស្ពឺឆ្នាំនេះ រដ្ឋបាលខេត្តកំពង់ស្ពឺមានការរៀបចំរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរគ្រប់ទីកន្លែងប្រារព្ធពិធី ដោយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ស្ពឺដឹកនាំដោយឯកឧត្តម បណ្ឌិត ជាម ចន្ទីសោភ័ណ បានណែនាំដល់កម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើយ៉ាងណា ធានាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដើម្បីបង្កបរិយាកាសកក់ក្ដៅជូនប្រជាពលរដ្ឋ មកចូលរួមកម្សាន្ដសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ក្រោមម្លប់នៃសុខសន្ដិភាពរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕