រដ្ឋាភិបាលEU ស្ទាក់ស្ទើរក្នុងការបន្ថែមពន្ធលើរថយន្តអគ្គិសនីរបស់ចិន ខណៈដែលជម្លោះពាណិជ្ជកម្ម កើនឡើង

បណ្តាប្រទេសក្នុងសហភាពអឺរ៉ុប កំពុងស្ទាក់ស្ទើរថាតើត្រូវគាំទ្រការបន្ថែមពន្ធលើរថយន្តអគ្គិសនីដែល       ផលិតដោយប្រទេសចិន ដោយគូសបញ្ជាក់ពីបញ្ហាប្រឈមរបស់ទីក្រុងប្រ៊ុចសែល ក្នុងការកសាងការគាំទ្រសម្រាប់រឿងក្តីពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួននៅឡើយ ខណៈដែលទីក្រុងប៉េកាំង គំរាមកំហែងសងសឹកយ៉ាងទូលំទូលាយនោះ។

យោងតាមប្រភពរដ្ឋាភិបាលមួយបានឲ្យដឹងថា ប្រទេសអាល្លឺម៉ង់ ដែលក្រុមហ៊ុនផលិតរថយន្តរបស់ពួកគេផលិតបានមួយភាគបីនៃការលក់របស់ពួកគេ កាលពីឆ្នាំមុន នៅក្នុងប្រទេសចិន ចង់បញ្ឈប់ការយកពន្ធនេះ ខណៈដែលប្រទេសបារាំង គឺជាប្រទេសដែលគាំទ្រយ៉ាងរឹងមាំបំផុតចំពោះគំនិតនេះ។

ប៉ុន្តែប្រទេសភាគច្រើន នៅតែថ្លឹងថ្លែងពីគុណសម្បត្តិ និងគុណវិបត្តិនៃជម្លោះពាណិជ្ជកម្ម ដែលកំពុងកើនឡើង។ នេះបើយោងតាមការស្ទង់មតិក្រៅផ្លូវការទៅលើរដ្ឋាភិបាលសហភាពអឺរ៉ុប ដោយសារព័ត៌មានរ៉យទ័រ។

បញ្ហានេះ នឹងត្រូវដាក់ទៅសមាជិកក្នុងការបោះឆ្នោតស្ទង់មតិ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ដែលជាការសាកល្បងជាផ្លូវការលើកដំបូងនៃការគាំទ្រក្នុងករណីសំខាន់សម្រាប់គណៈកម្មការនេះ។ សហភាពអឺរ៉ុប បានផ្តួចផ្តើមការស៊ើបអង្កេតដោយគ្មានពាក្យបណ្តឹងឧស្សាហ៍កម្ម ដែលជារឿងក្តីពាណិជ្ជកម្មដំបូងបង្អស់ដែលពាក់ព័ន្ធនឹងការបន្ថែមពន្ធនេះ។

ប្លុកនេះ ត្រូវគ្រោងនឹងបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះ អំពីពន្ធបណ្តោះអាសន្នរហូតដល់ ៣៧,៦ភាគរយ លើម៉ាករថយន្តរបស់ចិនដូចជា BYD, Geely និង SAIC ក៏ដូចជាលើម៉ូដែល ដែលផលិតនៅប្រទេសចិន ដូចជា Tesla, BMW និងក្រុមហ៊ុនផលិតរថយន្តលោកខាងលិចផ្សេងទៀត។