ក្រសួងការបរទេសអាមេរិក តាមដានយ៉ាងដិតដល់នូវការរឹបអូសដោយចិន ចំពោះទូកនេសាទរបស់តៃវ៉ាន់

ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ (ទី៤ ខែកក្កដា) បាននិយាយថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពនៃទូកនេសាទរបស់កោះតៃវ៉ាន់ ដែលត្រូវបានរឹបអូសដោយប្រទេសចិន និងនាវិករបស់ខ្លួន។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ (ទី២ ខែកក្កដា) ឆ្មាំល្បាតឆ្នេរចិនបានឡើងលើទូក Da Jin Man 88 ហើយបានចាប់ខ្លួនបុគ្គលិកលើទូកនោះ។ ហើយអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានប្រាប់សារព័ត៌មាន CNA ថា ខ្លួនកំពុងតាមដានយ៉ាងកៀកកិត ចំពោះស្ថានការណ៍នេះ និងជំរុញឲ្យភាគីទាំង២ រក្សាទំនាក់ទំនងបើកចំហរ ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី។

ទូករបស់កោះតៃវ៉ាន់នេះ ត្រូវបានស្ទាក់ចាប់ដោយនាវាឆ្មាំល្បាតឆ្នេរចិនចំនួន២ ចម្ងាយជិត ៤៤គីឡូម៉ែត្រ នៅភាគឦសាននៃឈូងសមុទ្រ Liaoluo ក្នុងកោះ Kinmen ហើយត្រូវបានបញ្ជូនទៅកំពង់ផែ Weitou របស់ខេត្ត Fujian។ នៅលើទូកនេសាទនោះ មានពលរដ្ឋកោះតៃវ៉ាន់ ២នាក់ និងជនជាតិឥណ្ឌូស៊ី ៣នាក់។

រដ្ឋបាលឆ្មាំល្បាតឆ្នេររបស់កោះតៃវ៉ាន់ (CGA) កាលថ្ងៃពុធ (ទី៣ ខែកក្កដា) បាននិយាយថា ឧបទ្ទវហេតុនេះ បានកើតឡើងនៅក្នុងដែនទឹករបស់ចិន។ CGA បាននិយាយថា ខ្លួននឹងស្នើអាជ្ញាធរពាក់ព័ន្ធឲ្យផ្តល់ការណែនាំដល់សមាគមនេសាទ ដើម្បីជៀសវាងកុំទៅនេសាទនៅក្នុងដែនទឹកទាំងនេះ អំឡុងពេលមានការហាមឃាត់ឲ្យផ្អាកការនេសាទ នៅរដូវក្តៅរបស់ប្រទេសចិន។

នៅថ្ងៃពុធនោះដែរ ការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិន បានអះអាងថា ការរឹបអូសទូកនេះ គឺជាសកម្មភាពនៃ «ការអនុវត្តច្បាប់ជាធម្មតា» ហើយនាយកដ្ឋានពាក់ព័ន្ធនឹងដោះស្រាយបញ្ហានេះ ស្របតាមច្បាប់ និងបទប្បញ្ញត្តិនានា៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *