មន្ត្រីជាន់ខ្ពស់៖ អាមេរិក មើលឃើញ «ការទម្លាយភាពទាល់ច្រក» ក្នុងកិច្ចចរចាអ៊ីស្រាអែល និងក្រុមហាម៉ាស មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ៤ ខែកក្កដា ថា ក្រុមហាម៉ាស បានធ្វើការកែតម្រូវក្នុងជំហររបស់ខ្លួនជុំវិញកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរដ៏មានសក្តានុពលជាមួយអ៊ីស្រាអែល ដោយបង្ហាញក្តីសង្ឃឹមថា វានឹងនាំទៅរកកិច្ចព្រមព្រៀងមួយដែលនឹងក្លាយជាជំហានឈានទៅរកបទឈប់បាញ់អចិន្ត្រៃយ៍។ មន្ត្រី បាននិយាយថា ការឆ្លើយតបចុងក្រោយបំផុតរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនគឺ «ជំរុញដំណើរការឆ្ពោះទៅមុខ និងអាចផ្តល់មូលដ្ឋានសម្រាប់ការបិទបញ្ចប់កិច្ចព្រមព្រៀង» ខណៈបានបញ្ជាក់ថា វាពុំមានន័យថា កិច្ចព្រមព្រៀងមួយទំនងជានៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះទេ ហើយការងារសំខាន់ នៅតែស្ថិតក្នុងជំហានអនុវត្ត។ មន្ត្រីដដែល បាននិយាយទៅកាន់អ្នកសារព័ត៌មានក្នុងកិច្ចសន្ទនាតាមទូរស័ព្ទថា យើងទទួលបានការទម្លាយភាពទាល់ច្រក ប៉ុន្តែនៅតែមានបញ្ហាលេចធ្លោមួយចំនួនទាក់ទងទៅនឹងការអនុវត្តកិច្ចព្រមព្រៀង ហើយកិច្ចព្រមព្រៀង មិនត្រូវបានគេរំពឹងថានឹងត្រូវបិទបញ្ចប់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះទេ។