ទីក្រុង Kyiv ៖ អ៊ុយក្រែន និងសហរដ្ឋអាមេរិក ចុះអនុស្សរណៈស្តីពីកិច្ចព្រមព្រៀងរ៉ែ

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចទីមួយរបស់ទីក្រុង Kyiv បាននិយាយថា អ៊ុយក្រែន និងសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើអនុស្សរណៈមួយ ជាជំហានដំបូងឆ្ពោះទៅរកការឈានដល់កិច្ចព្រមព្រៀងស្តីពីការអភិវឌ្ឍន៍រ៉ែនៅក្នុងប្រទេសអ៊ុយក្រែន។

លោកស្រី យ៉ូលីយ៉ា ស្វីរីដិនកូ (Yulia Svyrydenko) បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា យើងរីករាយក្នុងការប្រកាសពីការចុះហត្ថលេខានេះ ជាមួយដៃគូអាមេរិករបស់យើង នៃអនុស្សរណៈរួមគ្នា ដែលត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច និងការបង្កើតមូលនិធិវិនិយោគសម្រាប់ការកសាងឡើងវិញក្នុងប្រទេសអ៊ុយក្រែន ។

ទីក្រុង Kyiv និងទីក្រុង Washington បានពិភាក្សាគ្នាលើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការទាញយករ៉ែជាយុទ្ធសាស្ត្ររបស់អ៊ុយក្រែនកាលពីខែកុម្ភៈ ប៉ុន្តែការប៉ះទង្គិចគ្នារវាងប្រធានាធិបតីអាមេរិក Donald Trump និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានបង្អាក់ការងារជាបណ្តោះអាសន្នលើកិច្ចព្រមព្រៀងនេះ។

លោក Trump និយាយថា លោកចង់បានកិច្ចព្រមព្រៀងនេះ ដែលរៀបចំឡើងដើម្បីផ្តល់ការទូទាត់ថ្លៃចំណាយរបស់សហរដ្ឋអាមេរិកលើប្រាក់ចំណេញពីការជីកយកធនធានរ៉ែ និងរ៉ែកម្រអ៊ុយក្រែនជាសំណងសម្រាប់ជំនួយដែលបានផ្តល់ឱ្យអ៊ុយក្រែន ដោយអ្នកកាន់តំណែងមុនរបស់លោក គឺលោក Joe Biden ។

ភាគីអ៊ុយក្រែន ពុំបានផ្សព្វផ្សាយព័ត៌មានលម្អិតនៃអនុស្សរណៈនេះទេ ប៉ុន្តែបាននិយាយថា ការងារនៅតែបន្តឆ្ពោះទៅរកការធានាបានកិច្ចព្រមព្រៀងចុងក្រោយ៕