ក្រុមហាម៉ាស ត្រៀមដោះលែងចំណាប់ថ្នូរសេសសល់ទាំងអស់ ដើម្បីបញ្ចប់សង្គ្រាមហ្កាហ្សា

មន្ត្រីជាន់ខ្ពស់មកពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស បាននិយាយថា ក្រុមនេះចង់បានកិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយដើម្បីបញ្ចប់សង្គ្រាមទាំងស្រុងនៅតំបន់ហ្កាហ្សា និងផ្លាស់ប្តូរចំណាប់ថ្នូរអ៊ីស្រាអែលទាំងអស់ជាមួយនឹងជនជាតិប៉ាឡេស្ទីន ដែលជាប់ពន្ធនាគារក្នុងអ៊ីស្រាអែល ដោយបានច្រានចោលសំណើរបស់អ៊ីស្រាអែល សម្រាប់បទឈប់បាញ់បណ្តោះអាសន្ន។

ក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក Khalil Al-Hayya ប្រធានក្រុមហ្កាហ្សា ដែលដឹកនាំក្រុមចរចាបទឈប់បាញ់បាននិយាយថា ក្រុមនេះនឹងលែងយល់ព្រមចំពោះកិច្ចព្រមព្រៀងបណ្តោះអាសន្នទៀតហើយ ដែលជំហាននេះជាការទទួលយកនូវគោលជំហរដែលអ៊ីស្រាអែលទំនងជាមិនចង់បាន ហើយក៏អាចនឹងពន្យារពេលបន្ថែមទៀតក្នុងការបញ្ចប់សង្រ្គាមដ៏បំផ្លិចបំផ្លាញ ដែលចាប់ផ្តើមឡើងវិញក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ផ្ទុយទៅវិញ លោក Hayya បានបន្តថា ក្រុមហាម៉ាស បានត្រៀមខ្លួនជាស្រេចដើម្បីចូលរួមភ្លាមៗនៅក្នុង “កិច្ចចរចាកញ្ចប់ទូលំទូលាយ” ដើម្បីដោះលែងចំណាប់ថ្នូរដែលនៅសល់ទាំងអស់ក្នុងការឃុំឃាំងរបស់ខ្លួន ជាថ្នូរនឹងការបញ្ចប់សង្រ្គាមហ្កាហ្សា ការដោះលែងជនជាតិប៉ាឡេស្ទីនដែលជាប់ពន្ធនាគារនៅអ៊ីស្រាអែល និងការកសាងតំបន់ហ្កាហ្សាឡើងវិញ។

គួរឱ្យដឹងថា អ៊ីស្រាអែល បានស្នើបទឈប់បាញ់បណ្ដោះអាសន្ន ៤៥ថ្ងៃនៅហ្កាហ្សា ដើម្បីអនុញ្ញាតឱ្យមានការដោះលែងចំណាប់ថ្នូរ និងអាចចាប់ផ្តើមការចរចាដោយប្រយោលដើម្បីបញ្ចប់សង្រ្គាម។ ប៉ុន្តែក្រុមហាម៉ាស បានច្រានចោលលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌរបស់កិច្ចព្រមព្រៀងរយៈពេលខ្លីនោះរួចទៅហើយ គឺការឱ្យក្រុមមួយនេះដាក់អាវុធចុះ ដែលជាចំណុចជាប់គាំងដ៏សំខាន់៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *