លោក Trump បន្ថយថ្លៃកំពង់ផែលើនាវាដែលសាងសង់ដោយចិន បន្ទាប់ពីឧស្សាហកម្មខឹងសម្បារ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (១៧ មេសា) បានសម្រាលបន្ទុកដល់អ្នកនាំចេញក្នុងស្រុក និងម្ចាស់នាវា ដែលបម្រើដល់តំបន់ Great Lakes តំបន់សមុទ្រការ៉ាអ៊ីប និងទឹកដីសហរដ្ឋអាមេរិក ដោយការបន្ធូរបន្ថយថ្លៃកំពង់ផែដែលត្រូវបង់ លើនាវាសាងសង់ដោយប្រទេសចិន បន្ទាប់ពីក្រុមឧស្សាហកម្មហាក់មិនពេញនឹងវិធានការនោះ។

លោក Trump បន្ថយថ្លៃកំពង់ផែលើនាវាដែលសាងសង់ដោយចិន បន្ទាប់ពីឧស្សាហកម្មខឹងសម្បារ
រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (១៧ មេសា) បានសម្រាលបន្ទុកដល់អ្នកនាំចេញក្នុងស្រុក និងម្ចាស់នាវា ដែលបម្រើដល់តំបន់ Great Lakes តំបន់សមុទ្រការ៉ាអ៊ីប និងទឹកដីសហរដ្ឋអាមេរិក ដោយការបន្ធូរបន្ថយថ្លៃកំពង់ផែដែលត្រូវបង់ លើនាវាសាងសង់ដោយប្រទេសចិន បន្ទាប់ពីក្រុមឧស្សាហកម្មហាក់មិនពេញនឹងវិធានការនោះ។
សេចក្តីជូនដំណឹងពីទីភ្នាក់ងារចុះឈ្មោះសហព័ន្ធ ដែលបង្ហោះដោយតំណាងពាណិជ្ជកម្មអាមេរិក បានដកសំណើមួយកាលពីខែកុម្ភៈ ដែលមានបំណងយកថ្លៃលើនាវាសាងសង់ដោយចិន ជាមួយនឹងតម្លៃរហូតដល់ ១,៥លានដុល្លារ ក្នុងការចូលចតម្ដងតាមកំពង់ផែ ដែលធ្វើឱ្យឧស្សាហកម្មដឹកជញ្ជូនសកលមិនស្រួលចិត្ត ខណៈវិធានការនេះធ្វើឡើងដើម្បីស្ដារតួលេខនាវាដែលផលិតដោយអាមេរិក និងបង្អាក់ឥទ្ធិពលតាមដែនសមុទ្ររបស់ចិន។
នាយកប្រតិបត្តិនៃបណ្ដាញដឹកជញ្ជូនតាមមហាសមុទ្របារម្ភថា ស្ទើរតែគ្រប់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់អាចនឹងត្រូវរ៉ាប់រងនូវថ្លៃសេវាដ៏ខ្ពស់នោះ។ ពួកគេនិយាយថា ការចំណាយបន្ថែមនឹងធ្វើឱ្យតម្លៃនាំចេញរបស់អាមេរិក មិនមានភាពទាក់ទាញ និងជំរុញការចំណាយបន្ថែមរាប់ពាន់លានដុល្លារសម្រាប់អ្នកប្រើប្រាស់អាមេរិក។
ផែនការដែលរដ្ឋបាលលោក Trump កែសម្រួលថ្មីនេះបង្ហាញថា ថ្លៃសេវានាវានឹងត្រូវអនុវត្តម្តងក្នុងមួយការធ្វើដំណើរ ទៅលើនាវាដែលរងផលប៉ះពាល់ ហើយមិនលើសពី ៦ដងក្នុងមួយឆ្នាំទេ។ ទីភ្នាក់ងារសហព័ន្ធនេះក៏បានសម្រេចចិត្តមិនយកថ្លៃសេវាដោយផ្អែកលើភាគរយនៃនាវាដែលផលិតដោយចិន ឬផ្អែកលើការបញ្ជាទិញនាពេលអនាគតរបស់នាវាចិន ដូចដែលខ្លួនបានស្នើឡើងដំបូងនោះដែរ៕