ទីក្រុងសេអ៊ូល៖ កូរ៉េខាងជើង បាញ់មីស៊ីលរយៈចម្ងាយខ្លីជាច្រើនគ្រាប់ចូលទៅក្នុងសមុទ្រ

យោធាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍ (០៨ ឧសភា) នេះថា កូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយខ្លីជាច្រើនគ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍ យោធាទីក្រុងសេអ៊ូលនិយាយថា គ្រាប់មីស៊ីលត្រូវបានបាញ់ចេញពីទីក្រុង Wonsan ដែលជាក្រុងឆ្នេរសមុទ្រភាគខាងកើតរបស់កូរ៉េខាងជើង នៅម៉ោងប្រហែល ៨:១០នាទីព្រឹក (ម៉ោងក្នុងស្រុក)។

យោធាបន្ថែមថា កូរ៉េខាងត្បូងកំពុងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និងជប៉ុន ដើម្បីចែករំលែកព័ត៌មានអំពីការបាញ់បង្ហោះនេះ។ កម្មវិធីមីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ ត្រូវបានហាមឃាត់ដោយសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប៉ុន្តែក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងព្យុងយ៉ាង បានឆ្ពោះទៅមុខក្នុងការអភិវឌ្ឍមីស៊ីលគ្រប់រយៈចម្ងាយរបស់ខ្លួន។

កាលពីខែមីនា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកជាច្រើនគ្រាប់ ខណៈដែលបានបន្ទោសយោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ចំពោះការធ្វើសមយុទ្ធ ដែលខ្លួនហៅថាគ្រោះថ្នាក់ និងបង្កហេតុ។

កូរ៉េខាងជើង ក៏បាននាំចេញមីស៊ីលបាលីស្ទិករយៈចម្ងាយខ្លី ក្នុងចំណោមសព្វាវុធផ្សេងទៀតទៅកាន់រុស្ស៊ីផងដែរ សម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន នេះបើតាមទីភ្នាក់ងារចារកម្មអាមេរិក និងសម្ព័ន្ធមិត្ត ក៏ដូចជាអ្នកស្រាវជ្រាវឯករាជ្យ។ យ៉ាងណាក៏ដោយ ទីក្រុងព្យុងយ៉ាង និងក្រុងមូស្គូ បានបដិសេធការផ្ទេរសព្វាវុធ បើទោះបីជាទាហានកូរ៉េខាងជើង ត្រូវបានដាក់ពង្រាយដើម្បីប្រយុទ្ធនៅជួរមុខក្នុងតំបន់ Kursk របស់រុស្ស៊ីក៏ដោយ៕