នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានស្បថចូលកាន់តំណែងសម្រាប់អាណត្តិទីពីរ នាថ្ងៃអង្គារ (១៣ ឧសភា) នេះរួមជាមួយនឹងបណ្ដារដ្ឋមន្ត្រីរបស់លោក បន្ទាប់ពីទទួលបានជ័យជម្នះដ៏ធំនៅក្នុងការបោះឆ្នោតជាតិ ដែលលោកនិយាយថា បានផ្ដល់ឱ្យរដ្ឋាភិបាលការងារកណ្តាលនិយមឆ្វេង នូវការគាំទ្រដ៏ធំបំផុតចាប់តាំងពីសហព័ន្ធក្នុងឆ្នាំ១៩០១ មក។
គណបក្សការងាររបស់លោក Albanese បានការគាំទ្រពីម្ចាស់ឆ្នោតដែលប្រឆាំងនឹងអស្ថិរភាពសកល បង្កឡើងដោយគោលនយោបាយរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដោយនោះបាននាំមកនូវជ័យជម្នះដ៏ធំសម្រាប់រដ្ឋាភិបាលការងារអូស្រ្តាលី កាលពីថ្ងៃទី០៣ ឧសភា។
រហូតមកទល់ពេលនេះ គណៈកម្មាធិការរៀបចំការបោះឆ្នោតអូស្ត្រាលី មិនទាន់បញ្ចប់ការរាប់សន្លឹកឆ្នោតក្នុងចំនួនអាសនៈនៅឡើយទេ ប៉ុន្តែបក្សការងារអាចយកបានយ៉ាងហោចណាស់ ៩២អាសនៈ ក្នុងចំណោមអាសនៈសភាតំណាងរាស្រ្តទាំង១៥០។ លោក Albanese បាននិយាយកាលពីថ្ងៃចន្ទថា នេះជាជ័យជម្នះធំបំផុតសម្រាប់បក្សការងារ ចាប់តាំងពីអូស្ត្រាលី បានបង្កើតឡើងដោយសហព័ន្ធនៃអតីតអាណានិគមអង់គ្លេសចំនួន៦ ក្នុងឆ្នាំ១៩០១មក។
លោក Albanese និងរដ្ឋមន្ត្រីរបស់លោក បានស្បថចូលកាន់តំណែងនៅក្នុងពិធីមួយនៅឯវិមានរដ្ឋាភិបាលក្នុងទីក្រុងកង់បេរ៉ា។ តួនាទីសំខាន់ៗរបស់រដ្ឋមន្រ្តីក្រសួងរតនាគារ កិច្ចការបរទេស ការពារជាតិ និងពាណិជ្ជកម្មមិនផ្លាស់ប្តូរទេ៕
Leave a Reply