កោះតៃវ៉ាន់បាញ់សាកល្បងប្រព័ន្ធគ្រាប់រ៉ូកែតផ្គត់ផ្គង់ដោយអាមេរិកលើកដំបូង ស្របពេលមានភាពតានតឹងជាមួយចិន

កោះតៃវ៉ាន់ បានបាញ់សាកល្បងលើកដំបូងរបស់ខ្លួននូវប្រព័ន្ធគ្រាប់រ៉ូកូតថ្មីផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ជាអាវុធដែលបានបង្ហាញពីប្រសិទ្ធភាពសម្រាប់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី។

ការសាកល្បងនេះកើតឡើងស្របពេលមានភាពតានតឹងកាន់តែខ្លាំងរវាងកោះតៃវ៉ាន់ និងចិន ដោយទីក្រុងប៉េកាំង បានបង្កើនការអះអាងសិទ្ធិអធិបតេយ្យភាពរបស់ខ្លួនលើកោះស្វ័យគ្រប់គ្រងមួយនេះ។ អាវុធនោះត្រូវគេគិតថាជាប្រព័ន្ធថ្មីអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារកោះនេះ។

ប្រព័ន្ធអាវុធ ដែលទើបសាកល្បងថ្មីមានឈ្មោះថា HIMARS ជាអាវុធមានមុខងារជាក់លាក់ផលិតដោយក្រុមហ៊ុន Lockheed Martin របស់សហរដ្ឋអាមេរិក។កោះតៃវ៉ាន់ ទទួលបានប្រព័ន្ធអាវុធនេះចំនួន២៩គ្រឿង ក្នុងនោះ១១គ្រឿង ទទួលបានរួចហើយកាលពីឆ្នាំមុន ហើយ១៨គ្រឿងទៀត ដែលនៅសល់រំពឹងថានឹងមកដល់នៅឆ្នាំក្រោយ។

ការជួញដូរអាវុធនេះគូសបញ្ជាក់ពីតួនាទីរបស់សហរដ្ឋអាមេរិកជាអ្នកផ្គត់ផ្គង់អាវុធចម្បងរបស់កោះតៃវ៉ាន់ បើទោះបីជាមិនមានទំនាក់ទំនងការទូតផ្លូវការរវាងអាមេរិក និងកោះនេះក៏ដោយ។

ប្រព័ន្ធអាវុធទំនើប HIMARS ហោះបានរយៈចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រ ដែលធ្វើឱ្យអាចវាយប្រហារគោលដៅនានានៅតាមឆ្នេរសមុទ្រនៃខេត្ត Fujian របស់ប្រទេសចិន។

ក្រុមការងារអាមេរិក បានបណ្ដុះបណ្ដាលយោធាតៃវ៉ាន់បាញ់រ៉ូកែតនេះចេញពីមជ្ឈមណ្ឌលសាកល្បងជូ ផឹង (Jiupeng) ស្ថិតនៅលើផ្នែកដាច់ស្រយាលនៃឆ្នេរសមុទ្រប៉ាស៊ីហ្វិក៕