បេសកជន៖ សហរដ្ឋអាមេរិកនឹងកាត់បន្ថយវត្តមានយោធារបស់ខ្លួនមានមូលដ្ឋាននៅប្រទេសស៊ីរី

បេសកជន៖ សហរដ្ឋអាមេរិកនឹងកាត់បន្ថយវត្តមានយោធារបស់ខ្លួនមានមូលដ្ឋាននៅប្រទេសស៊ីរី
បេសកជនពិសេសថ្មីរបស់សហរដ្ឋអាមេរិក បាននិយាយថា អាមេរិកនឹងកាត់បន្ថយវត្តមានយោធារបស់ខ្លួននៅក្នុងប្រទេសស៊ីរី ពីមូលដ្ឋានចំនួន៨ មកនៅសល់ត្រឹមតែ១មូលដ្ឋាន ហើយគោលនយោបាយរបស់សហរដ្ឋអាមេរិក នឹងផ្លាស់ប្តូរនៅក្នុងប្រទេសនេះ «ដោយសារតែគ្មានមូលដ្ឋានណាមួយក្នុងចំណោមមូលដ្ឋានទាំងនេះដំណើរការ» ក្នុងរយៈពេលមួយសតវត្សចុងក្រោយនេះ។
លោក Thomas Barrack ជាអ្នកដែលលោកប្រធានាធិបតី Donald Trump បានតែងតាំងជាបេសកជនពិសេសកាលពីខែមុនភ្លាមៗបន្ទាប់ពីលោកបានដកទណ្ឌកម្មរបស់អាមេរិកលើប្រទេសស៊ីរីដោយមិននឹកស្មានដល់នោះ បានធ្វើអត្ថាធិប្បាយដូច្នេះនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍NTVរបស់ប្រទេសទួរគី ។
មានទាហានអាមេរិកប្រហែល២.០០០នាក់នៅក្នុងប្រទេសស៊ីរី ភាគច្រើននៅភាគឦសាន។ ពួកគេកំពុងធ្វើការជាមួយកងកម្លាំងក្នុងតំបន់ ដើម្បីទប់ស្កាត់ការកើតឡើងវិញនៃក្រុមរដ្ឋឥស្លាម ដែលកាលពីឆ្នាំ ២០១៤ បានដណ្តើមកាន់កាប់ទឹកដីជាច្រើននៅប្រទេសអ៊ីរ៉ាក់ និងស៊ីរី ប៉ុន្តែក្រោយមកត្រូវបានវាយរុញច្រានទៅវិញ។
ចាប់តាំងពីក្រុមឧទ្ទាម បានបណ្តេញអតីតប្រធានាធិបតីស៊ីរី លោក Bashar al-Assad ក្នុងខែធ្នូមក សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត កំពុងចូលរួមជាថ្មីជាមួយទីក្រុងដាម៉ាស ក្រោមមេដឹកនាំថ្មី លោក Ahmed al-Sharaa ។ លោក Barrack ដែលជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសទួរគី បានលើកទង់ជាតិអាមេរិកនៅលើនិវេសនដ្ឋានរបស់ឯកអគ្គរដ្ឋទូតនៅក្នុងទីក្រុងដាម៉ាស កាលពីសប្តាហ៍មុនជាលើកដំបូងចាប់តាំងពីឆ្នាំ២០១២មក។
លោកនិយាយថា ការកាត់បន្ថយចំនួនមូលដ្ឋានពី៨មូលដ្ឋានមកនៅសល់ត្រឹមតែ១ គឺជាផ្នែកសំខាន់នៃការផ្លាស់ប្តូរ។