ការដាក់ពង្រាយកងឆ្មាំជាតិរបស់ប្រធានាធិបតីTrump ដើម្បីបំបែកការតវ៉ាប្រឆាំងការឆ្មក់បង្ក្រាបលើការធ្វើអន្តោប្រវេសន៍ក្នុងទីក្រុង Los Angeles គឺជាការរំលោភអំណាចដ៏គ្រោះថ្នាក់ដែលធ្វើឱ្យជនជាតិអាមេរិកស្ថិតក្នុងគ្រោះថ្នាក់ នេះបើតាមលោកស្រី Hina Shamsi នាយកគម្រោងសន្តិសុខជាតិរបស់ សហភាពសេរីភាពស៊ីវិលអាមេរិក (ACLU )បានប្រាប់សារព័ត៌មាន NPR ។
លោកស្រី Shamsi បាននិយាយក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Morning Edition បន្ទាប់ពីការប៉ះទង្គិចគ្នាកាលពីចុងសប្តាហ៍នេះរវាងក្រុមបាតុករ នគរបាលក្រុង Los Angeles ភ្នាក់ងារសហព័ន្ធ និងកងទ័ពថា ពិតជាធ្វើឱ្យខូចដល់គោលការណ៍ប្រជាធិបតេយ្យជាមូលដ្ឋានរបស់អាមេរិកដោយគ្មានការប្រុងប្រយ័ត្ន ដែលយោធាមិនគួរធ្វើខ្លួនជានគរបាលបង្ក្រាបជនស៊ីវិលឡើយ ។
នគរបាលអន្តោប្រវេសន៍ និងមន្ត្រីអនុវត្តច្បាប់បានប្រកាសលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសៅរ៍ថាខ្លួនបានចាប់ខ្លួនជនអន្តោប្រវេសន៍ចំនួន ១១៨ នាក់អំឡុងប្រតិបត្តិការនៅទីក្រុង Los Angeles កាលពីសប្តាហ៍មុន។ ក្រុមបាតុករបានតវ៉ានឹងការឆ្មក់បង្ក្រាប និងបានប៉ះទង្គិចជាមួយនគរបាលនៅក្នុងទីក្រុងនេះ និងតំបន់ជុំវិញ រួមទាំងតំបន់ Paramount និង Compton រហូតដល់ចុងសប្តាហ៍។
ជាការឆ្លើយតបទៅនឹងការតវ៉ា លោក Trump បានចុះហត្ថលេខាលើអនុស្សរណៈមួយ ដោយដាក់ពង្រាយឆ្មាំជាតិចំនួន២.០០០នាក់ទៅក្នុងទីក្រុងនេះកាលពីថ្ងៃសៅរ៍ ដើម្បីដោះស្រាយការតវ៉ាដោយគ្មានការយល់ព្រមពីអភិបាលរដ្ឋកាលីហ្វ័រនីញ៉ា លោក Gavin Newsom ។ ប្រហែល ៣០០នាក់ត្រូវបានដាក់ពង្រាយកាលពីព្រឹកថ្ងៃអាទិត្យ។ រដ្ឋបាលអះអាងថា ការដាក់ពង្រាយនេះគឺដើម្បីធានាសុវត្ថិភាពរបស់អង្គភាពអនុវត្តន៍ច្បាប់អន្តោប្រវេសន៍អាមេរិក និងភ្នាក់ងារអន្តោប្រវេសន៍សហព័ន្ធផ្សេងទៀត ដែលត្រូវបានរងការវាយប្រហារដោយហ្វូងមនុស្សដ៏ហឹង្សា ចាប់តាំងពីការតវ៉ាបានផ្ទុះឡើង។មនុស្សរាប់សិបនាក់ត្រូវបានចាប់ខ្លួននៅសប្ដាហ៍នេះ អំឡុងការបង្ក្រាបការតវ៉ា។លោក Newsom បាននិយាយថា សកម្មភាពពង្រាយកងកម្លាំងគ្មានច្បាប់ទម្លាប់របស់ប្រធានាធិបតីគឺជារឿងមិនចាំបាច់ ផ្ទុយទៅវិញនឹងធ្វើឱ្យមានភាពតានតឹងតែប៉ុណ្ណោះ៕
Leave a Reply