អ៊ីរ៉ង់ស្នើរដ្ឋឈូងសមុទ្របង្ខំលោក Trump ជំរុញឲ្យអ៊ីស្រាអែលបង្កើតបទឈប់បាញ់

តេហេរ៉ង់ ៖ អ៊ីរ៉ង់បានស្នើឱ្យប្រទេសកាតា អារ៉ាប៊ីសាអូឌីត និងអូម៉ង់ ជំរុញប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឱ្យប្រើឥទ្ធិពលរបស់គាត់លើអ៊ីស្រាអែល ដើម្បីយល់ព្រមលើបទឈប់បាញ់ជាបន្ទាន់ នេះបើតាមប្រភពអ៊ីរ៉ង់ចំនួនពីរ និងប្រភពក្នុងតំបន់ចំនួនបី។

សំណើរបស់អ៊ីរ៉ង់នេះធ្វើឡើងបន្ទាប់ពីយោធាអ៊ីស្រាអែលបានជំរុញឱ្យអ្នកស្រុកនៅភាគខាងជើងនៃទីក្រុងតេហេរ៉ង់ ភៀសខ្លួនជាបន្ទាន់កាលពីថ្ងៃចន្ទ ដោយនិយាយថា ខ្លួនមានបំណងវាយប្រហារតាមអាកាសនៅទីនោះ ដើម្បីកម្ទេចហេដ្ឋារចនាសម្ព័ន្ធយោធានៃរបបដឹកនាំអ៊ីរ៉ង់បច្ចុប្បន្ន។

យោងតាមប្រភពមួយពីអ៊ីរ៉ង់បាន និយាយ ថា អ៊ីរ៉ង់ មាន ឆន្ទៈ បត់បែន ក្នុងការចរចានុយក្លេអ៊ែរជាមួយអាមេរិក ប្រសិនបើមានបទឈប់បាញ់។ រីឯប្រភពពីឈូងសមុទ្រក៏បានអះអាងដែរថា រដ្ឋឈូងសមុទ្រមានការព្រួយបារម្ភយ៉ាងខ្លាំងថា ជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់នឹងហួសពីការគ្រប់គ្រងបាន។

បើតាមប្រភពពីឈូងសមុទ្រ ប្រទេសកាតា អូម៉ង់ និងអារ៉ាប៊ីសាអូឌីត បានអំពាវនាវឲ្យរដ្ឋបាលលោក ត្រាំ ដាក់សម្ពាធលើអ៊ីស្រាអែលឱ្យយល់ព្រមលើបទឈប់បាញ់ និងបន្តការពិភាក្សាជាមួយអ៊ីរ៉ង់ ឆ្ពោះទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។

ចំណែកលោកប្រធានាធិបតី ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅឯកិច្ចប្រជុំ G7 ក្នុងប្រទេសកាណាដាថា អ៊ីរ៉ង់មិនឈ្នះជម្លោះជាមួយអ៊ីស្រាអែលទេ ហើយគួរតែរត់រកតុចរចាឡើងវិញ មុននឹងអ្វីៗហួសពេល៕

ប្រភព ៖ CNA