លោក Zelensky ខ្លាចបាត់ជំនួយពីអន្តរជាតិ ក្រោយផ្ទុះសង្គ្រាមអ៊ីស្រាអែល-អ៊ីរ៉ង់

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ភ័យខ្លាចថា អន្តរជាតិនឹងផ្អាកជួយដល់ប្រទេសរបស់ខ្លួន ក្រោយពេលផ្ទុះសង្គ្រាម រវាងអ៊ីស្រាអែល និង អ៊ីរ៉ង់។

ផ្អែកតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA លោក Zelensky បាននិយាយ កាលពីចុងសប្តាហ៍ បង្ហាញពីក្តី
សង្ឃឹមថា ការកើនកម្តៅ រវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ នឹងមិននាំឱ្យមានការធ្លាក់ចុះ នៃជំនួយដល់ទីក្រុង Kyiv ស្របពេលដែលការគាំទ្ររបស់អឺរ៉ុប កំពុងជាប់គាំង រួចស្រាប់ ព្រោះតែគ្មានការចូលរួម ពីសហរដ្ឋអាមេរិក។ រដ្ឋាភិបាលទីក្រុង Kyiv បារម្ភថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងបង្វែរជំនួយយោធា ទៅជួយពង្រឹងការការពារប្រទេសអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធ របស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ចាប់តាំងពីលោក Trump ចូលមកគ្រប់គ្រងសេតវិមាន ទាំងអាមេរិក និងអឺរ៉ុប មានភាពរអាក់រអួល ក្នុងការផ្តល់ជំនួយដល់ទីក្រុង Kyiv រួចទៅហើយ។ ហេតុនេះ បាននាំឲ្យលោក Zelensky បារម្ភខ្លាំង ក្រោយពេលមានជម្លោះ រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។

លោក Zelensky បានអះអាងដែរថា ការវាយប្រហាររបស់អ៊ីស្រាអែល លើអ៊ីរ៉ង់បានជំរុញឱ្យតម្លៃប្រេងកើនឡើង អាចនឹងផ្តល់ផលប្រយោជន៍ ដល់រុស្ស៊ី ផងដែរ។ ការណ៍នេះ លោកក៏បានអំពាវនាវឱ្យលោកខាងលិច ពន្លឿនការបន្ថោកតម្លៃប្រេង នាំចេញ របស់រុស្ស៊ី ឲ្យបានឆាប់។

ទោះបីជាយ៉ាងណាក៏ដោយ លោក Zelensky បានបន្ថែមថា ការវាយប្រហាររបស់អ៊ីស្រាអែល ក៏អាចបង្ហាញភាពអំណោយផល សម្រាប់ទីក្រុង Kyiv ដែរ ព្រោះអ៊ីរ៉ង់អាចនឹងបន្ថយការផ្គត់ផ្គង់សម្ភារៈយោធា ដល់ប្រទេសរុស្ស៊ី ដោយលោកបានអះអាងថា រដ្ឋាភិបាលវិមានក្រឹមឡាំង ធ្លាប់បានពឹងផ្អែកយ៉ាងខ្លាំង លើយន្តហោះគ្មានមនុស្សបើកធ្វើសង្គ្រាម ដែលផលិតដោយភាគីអ៊ីរ៉ង់។

គួររម្លឹកថា អ៊ីស្រាអែលបានវាយប្រហារទ្រង់ទ្រាយធំ ទៅលើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ សប្តាហ៍មុន ដោយផ្តោតលើទីតាំងនុយក្លេអ៊ែរ និងសម្លាប់មេដឹកនាំយោធាជាន់ខ្ពស់ ព្រមទាំង អ្នកវិទ្យាសាស្ត្របរមាណូ មួយចំនួន។ ជាការសងសឹក អ៊ីរ៉ង់ បានបាញ់ កាំជ្រួចមីស៊ីល និង បញ្ជាយន្តហោះគ្មានមនុស្សបើក ទៅលើអ៊ីស្រាអែល វិញ។ អ៊ីរ៉ង់ថា ការវាយប្រហារបីថ្ងៃចុងក្រោយ របស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ២២៤នាក់ ក្នុងប្រទេស ខណៈដែលការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ ក៏បានសម្លាប់មនុស្ស ជាង១០នាក់ នៅក្នុងប្រទេសអ៊ីស្រាអែលផងដែរ គិតត្រឹមថ្ងៃអាទិត្យ៕

ប្រភពពី AFP


Comments

Leave a Reply

Your email address will not be published. Required fields are marked *