អូស្ត្រាលីគាំទ្រឲ្យអាមេរិកវាយប្រហារលើអ៊ីរ៉ង់

បរទេស ៖ រដ្ឋាភិបាលអូស្ត្រាលីបាននិយាយ នៅថ្ងៃច័ន្ទនេះថា ខ្លួនគាំទ្រការវាយប្រហារ តាមអាកាស របស់សហរដ្ឋអាមេរិក ទៅលើទីតាំងនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ ប៉ុន្តែ ចង់បញ្ចៀសការវិលចូល ទៅក្នុង “សង្រ្គាមពេញលេញ” នៅមជ្ឈិមបូព៌ា។

នាយករដ្ឋមន្ត្រី លោក Anthony Albanese បានប្រាប់សន្និសីទសារព័ត៌មានមួយថា «ពិភពលោក បានយល់ព្រម ជាយូរមកហើយថា អ៊ីរ៉ង់មិនអាចទទួលបាន អាវុធនុយក្លេអ៊ែរទេ ហើយយើងគាំទ្រសកម្មភាព ដើម្បីទប់ស្កាត់វា នោះគឺជាអ្វី ដែលយើងគាំទ្រ»។ នាយករដ្ឋមន្ត្រីអូស្ត្រាលី រូបនេះ បានសង្កត់ធ្ងន់ថា «ការវាយប្រហាររបស់អាមេរិក បានកំណត់គោលដៅជាក់លាក់ ចំពោះកម្មវិធីនុយក្លេអ៊ែរ របស់អ៊ីរ៉ង់។»

តែ លោកបន្តថា «យើងមិនចង់បានការកើនឡើង សង្រ្គាមពេញលក្ខណៈទេ…យើងបន្តអំពាវនាវឱ្យមានការសន្ទនា ការទូត»។ លោក Albanese បាននិយាយថា «អូស្ត្រាលីបានអំពាវនាវឲ្យអ៊ីរ៉ង់ ចូលមកតុចរចា ហើយបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែរ»។

គួររម្លឹកថា អាមេរិកបានបញ្ជាយន្តហោះទម្លាក់គ្រាប់បែក B-2 Spirit ទៅលើអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ បើទោះបីជាខ្លួនធ្លាប់អះអាងថា ទុកពេល ២សប្តាហ៍ ឲ្យអ៊ីរ៉ង់ ចូលតុចរចា បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារយ៉ាងចាស់ដៃ កាលពីថ្ងៃទី១៣ ខែមិថុនា ក៏ដោយ៕

ប្រភពពី AFP