ឬស្សីជាប្រភពចំណូលទី២ បន្ទាប់ពីការធ្វើស្រែចំការ របស់ប្រជា​សហគមន៍​ការពារធម្មជាតិចំបក់ ខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)៖ ឬស្សីដែលដុះតាមទីធម្មជាតិ ដ៏សម្បូរបែបនៅ សហគមន៍ការពារ​ធម្មជាតិចំបក់ ស្ថិតនៅក្នុងស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺបានក្លាយជា​ប្រភពរកចំណូល​ដ៏សំខាន់មួយទៀតរបស់បងប្អូនប្រជាពលរដ្ឋសម្រាប់រកចំណូលក្នុងក្រុមគ្រួសាររបស់ពួកគាត់។

ដើមឬស្សីតូចធំ និងពិសេសដើមឬស្សីឃ្លៃ ឬស្សីឃ្លិច ដែលជាប្រភេទ​ឬស្សីរឹងមាំនោះ​កំពុងត្រូវបានក្រុមហ៊ុន កែច្នៃឬស្សីមកពីក្រៅប្រទេសប្រមូលទិញដើម្បី ធ្វើជាគ្រឿង​សង្ហារឹម សម្រាប់នាំចេញ និងលើសពីនេះ បានធ្វើការកែច្នៃកំទេចឬស្សីដែលជា​សំណល់​ពីការផលិតគ្រឿងសង្ហារឹម ធ្វើជាធ្យូងកសិកម្មថែមទៀតផង។

ដោយសារតែដើមឬស្សីមានតម្លៃល្អ និងមានតម្រូវការរៀងរាល់ថ្ងៃ ទើបធ្វើឱ្យ​បងប្អូន​ប្រជាសហគមន៍ការពារធម្មជាតិចំបក់បានរួមគ្នាអភិរក្សយ៉ាងយកចិត្តទុកដាក់ និង​បាននាំគ្នាដាំបន្ថែមដើម្បីផ្គត់ផ្គង់ឲ្យក្រុមហ៊ុន ហើយការដាំឬស្សីឱ្យបានច្រើន វានឹង​ក្លាយជាគម្របព្រៃឈើ ដែលអាចស្រូបយកកាបូន ដែលធ្វើឱ្យតំបន់​សហគមន៍​ការ​ពារធម្មជាតិ នឹងក្លាយជាសហគមន៍អព្យាក្រឹតកាបូនដ៏ពិតប្រាកដទៀតផង។

លោក ទូច ម៉ន ប្រធានសហគមន៍តំបន់ការពារធម្មជាតិចំបក់បានប្រាប់ថា នៅក្នុង​ផ្ទៃដីរបស់សហគមន៍គ្រប់គ្រងរាល់ថ្ងៃគឺមាន ៣៣៨២ ហិចតា ហើយក្នុងនេះមាន​ផ្ទៃដី​ឬស្សី១២៦២ហិកតា។ ក្នុងចំណោមឬស្សីទាំងអស់មានឬស្សី ៤មុខដែលផ្តល់​នូវ​ប្រាក់ចំណូលរបស់ប្រជាសហគមន៍ច្រើនបំផុតក្នុងចំណោមឬស្សីជិត ២០ប្រភេទ​នេះមានដូចជាឬស្សី ឃ្លៃ ឬស្សីឃ្លិច ឬស្សីព្រៃ និងឬស្សីទ្រនំ។

លោកថាគម្រោងគម្រោងនិរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) បានទាញដៃគូមកវិនិយោគនៅសហគមន៍ដោយផ្ទាល់តែម្តង។ ដោយ​សារ​ការវិនិយោគនៅកន្លែងនេះហើយទើបធ្វើឱ្យតម្លៃទីផ្សារឬស្សីមាននិរន្តភាព។ពេល​នេះ​ការ រកចំណូលពីឬស្សីខ្ពស់ណាស់ដែលពលរដ្ឋអាចប្រមូលខួបប្រាំង ខួប​វស្សា។ក្នុង​នេះ​សហគមន៍បានកំណត់ច្បាស់លាស់ទៅតាមទីតាំងនីមួយៗដែលយើងត្រូវ​ប្រមូល​ដោយក្នុងនេះបានកំណត់ឆ្នាំនេះត្រូវប្រមូលនៅទីតាំងណាមួយ និងឆ្នាំក្រោយប្រមូល​នៅទីតាំងណាមួយទៀតជាដើម។

លោកចាត់ទុកថាការប្រមូលដោយច្ចេកទេសគឺបានជួយឱ្យឬស្សីមាននិរន្តភាពមែនទែន។ហេតុនេះហើយទើបឬស្សីត្រូវបានអភិរក្សយ៉ាងយកចិត្តទុកដាក់។ឬស្សីនេះដែរ​ចាត់ទុកថាជាមុខរបរទី២យ៉ាងសំខាន់បន្ទាប់ពីកសិកម្មធ្វើស្រែ ចំការរបស់​ពលរដ្ឋ​សហគមន៍។

លោក ទូចម៉នបាននិយាយថា”អ្នកទៅប្រមូលឬស្សីក្នុងមួយថ្ងៃយ៉ាង​ហោចណាស់​បាន​​ថវិកា​ជិត ៣០ដុល្លារ។មួយបាច់តម្លៃ ៥៥០០រៀលក្នុងនេះមួយថ្ងៃប្រមូលបាន ២០បាច់ក៏ឃើញលុយបានច្រើនដែរ។ ក្រៅពីនេះប្រជាសហគមន៍បាន​ធ្វើការឱ្យ​ក្រុម​ហ៊ុន ដោយក្នុងនេះពួកគាត់អាចរកចំណូលតាមរយៈស្ងោរ និងពុតឬស្សី ដែលនេះជា​ប្រាក់ចំណូលរបស់ពួកគាត់តាមរយៈការធ្វើការងារឱ្យក្រុមហ៊ុនមួយផ្នែកទៀត។

លោក Richard Dansey នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន leopaBamboo ដែល​ជាក្រុមហ៊ុនកែច្នៃឬស្សីមកពីក្រៅប្រទេសបានប្រាប់ថាឬស្សីដែលបានកែច្នៃនេះមានចំនួន២០ភាគរយយកមកធ្វើជាគ្រឿងសង្ហារឹម ក្រៅពីនេះបានកែច្នៃធ្វើជាធ្យូង។សម្រាប់​ធ្យូងឬស្សីនេះទៀតសោត វាក៏មានសារៈសំខាន់យ៉ាងច្រើនទៀតក្នុងនេះ​គេ​អាច​ប្រើវាក្នុងដំណាំកសិកម្ម និងម្យ៉ាងធ្យូងឬស្សីផ្ទុកដោយកាបូនហើយវា​អាចស្រូប​ទាញឧស្ម័នពុលផ្សេងៗពីបរិយាកាសបានទៀតផង។

លោកថាក្រៅពីបំលែងជា​ធ្យូងក្រុមហ៊ុនបានលាយធ្យូងនេះជាមួយសារជាតិមួយចំនួន​ទៀត​សម្រាប់ធ្វើជាជីកសិកម្មជំនួសជីគីមី និងក៏បាននាំយកទៅដាក់តាមទីធម្មជាតិ​សម្រាប់ស្រូបទាញឧស្ម័នមានសារជាតិពុល។

លោក ឃិន ម៉េងឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ នៃក្រសួងបរិស្ថាន និងជាប្រធាន គម្រោងនិរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) បានឱ្យដឹងថាសហគមន៍តំបន់ការពារធម្មជាតិបច្ចុប្បន្នមានចំនួន ១៩៤​សហគមន៍ ក្នុងនេះមាន ៥៣សហគមន៍ដែលមានដំណើរការផ្តល់​សេវាទេសចរណ៍​ធម្មជាតិ ហើយក្នុងចំណោមសហគមន៍ទាំង៥៣នេះដែរគឺមានចំនួន ១៥សហគមន៍​ដែលទទួលបានការគាំទ្រទាំង ទេសចរណ៍ ការដាំស្តាព្រៃឈើ ការរកអនុផល​ព្រៃ​ឈើ ការកែច្នៃឬស្សី ក្រវ៉ាញ ។ គម្រោងនេះគឺឆ្លើយតបនឹងយុទ្ធសាស្រ្តវិស័យ​ចក្រាវិស័យ​បរិ​ស្ថានរបស់ក្រសួងបរិស្ថាន២០២៣-២០២៨។

ដោយឡែក ឯកឧត្តម ខ្វៃ អាទិត្យាបានថ្លែងថានាពេលបច្ចុប្បន្ននេះពលរដ្ឋកម្ពុជា​កំពុង​តែ​ពេញនិយមក្នុងការធ្វើដំណើរកម្សាន្តតំបន់ការពារធម្មជាតិ ដូច្នេះហើយតំបន់​ការពារធនធានធម្មជាតិរបស់យើងមានសក្តានុពលច្រើនសំរាប់ពង្រីកគោលដៅលំហែបៃតង។ក្រសួងបរិស្ថានតាមរយៈដៃគូផ្សេងៗទៀតបានជួយ​រៀបចំហេដ្ឋា​រចនា​សម្ព័ន្ធ ក្នុងនេះមានទាំងទឹកស្អាត បង្គន់អនាម័យ ជួយរៀបចំកន្លែងបោះតង់ សម្រាប់​សម្រាកកម្សាន្តនៅតាមតំបន់សហគមន៍ក្នុងគោលដៅសម្រាប់គោលដៅកម្សាន្តលំហែបៃតង ឬទីលំហែបៃតង។តាមរយៈជំរុញនេះដែរប្រជាសហគមន៍មាន​ចំណូល​កាន់តែប្រសើរឡើង។

គួរបញ្ជាក់ថាសហគមន៍តំបន់ការពារធម្មជាតិចំបក់ ស្ថិតនៅក្បែរឧទ្យានជាតិ គិរីរម្យ ខេត្ត កំពង់ស្ពឺ ដែលមានចម្ងាយប្រហែល ១០៦គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ជាទីល្បី​ឈ្មោះទឹកធ្លាក់ និងទីនេះកំពុងបានក្លាយជាទីកន្លែងទទួលស្គាល់ និងផ្តល់ការ​ស្នាក់​នៅ​របស់អ្នកទេសចរទាំងពលរដ្ឋកម្ពុជា និងក៏ដូចជាអ្នកទេសចរបរទេស៕