ចិនថា អន្តរជាតិអស់ជំនឿលើអាមេរិក ក្រោយទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់

បរទេស ៖ លោក Fu Cong ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងថា អន្តរជាតិ អស់ជំនឿលើសហរដ្ឋអាមេរិក ក្រោយពេលដែលលោក Donald Trump បានបញ្ជាឲ្យទម្លាក់គ្រាប់បែក បំផ្លាញរោងចក្រនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២៣ ខែមិថុនានេះ។

លោក Fu Cong បាននិយាយប្រាប់ កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃអាទិត្យថា ក្រោយការវាយប្រហាររបស់អាមេរិក អ៊ីរ៉ង់ពិតជាឈឺចាប់ ប៉ុន្តែ ភាពជឿជាក់ របស់ពិភពលោក លើសហរដ្ឋអាមេរិក ក៏ត្រូវបានខូចខាតផងដែរ ពោលគឺនៅពេលដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីងតោន ធ្វើជាអ្នកសម្រុះសម្រួល ក្នុងការចរចាកម្រិតអន្តរជាតិ នៅពេលក្រោយៗទៀត។

លោក Fu Cong បន្តថា ទីក្រុងប៉េកាំងមានការព្រួយបារម្ភថា ស្ថានភាពមិនអាចអាចគ្រប់គ្រងបាន។ តំណាងចិន រូបនេះ
បាននិយាយថា ភាគីនានាគួរតែទប់ស្កាត់កម្លាំងរុញច្រានចូលភ្លើងសង្គ្រាម ដើម្បី ជៀសវាងជម្លោះកាន់តែធ្ងន់ធ្ងរ។ លោកក៏បានអំពាវនាវដល់ អ៊ីស្រាអែល បញ្ឈប់ការបាញ់ប្រហារ ជាបន្ទាន់ ជៀសវាងការផ្ទុះសង្រ្គាម កាន់តែខ្លាំង។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានជួបប្រជុំគ្នា នាពេលនោះ ដើម្បីពិភាក្សា អំពីការវាយប្រហារ របស់សហរដ្ឋអាមេរិក ទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ខណៈដែលប្រទេសរុស្ស៊ី ចិន និងប៉ាគីស្ថានបានស្នើឱ្យស្ថាប័នដែលមានសមាជិកចំនួន ១៥ប្រទេស មួយនេះ អនុម័តដំណោះស្រាយ ដោយអំពាវនាវឱ្យមានបទឈប់បាញ់ ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ នៅតំបន់មជ្ឈិមបូព៌ា។

លោកប្រធានាធិបតី Donald Trump បាននិយាយថា សហរដ្ឋអាមេរិកបាន “បំផ្លាញ” ទីតាំងនុយក្លេអ៊ែរសំខាន់ៗ របស់ទីក្រុង Tehran ដោយប្រកាសចូលរួម ជាមួយអ៊ីស្រាអែល ជាសកម្មភាពយោធាលោកខាងលិច ដ៏ធំបំផុត ប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាម មួយនេះ ចាប់តាំងពីបដិវត្តន៍ ឆ្នាំ១៩៧៩ មក៕

ប្រភពពី CNA