ក្រុមអ្នជំនាញធ្វើសម្រង់ប្លង់បង្កាន់ដៃនាគជុំវិញប្រាសាទអង្គរវត្ត

(ភ្នំពេញ)៖ ក្រុមអ្នកបច្ចេកទេសផ្នែកអភិរក្សថ្ម នៃអាជ្ញាធរជាតិអប្សរា ធ្វើការងារសម្រង់ប្លង់បង្កាន់ដៃនាគនៅខឿនជាន់ទី១ជុំវិញប្រាសាទអង្គរវត្ត ដើម្បីសិក្សានូវចំណុចហានិភ័យនៃរចនាសម្ពន្ធបង្កាន់ដៃនាគ មុននឹងឈានទៅដល់ការជួសជុលឱ្យរឹងមាំឡើងវិញ។

ទាក់ទិនក្នុងរឿងនេះ លោក សយ សុភារិន្ទ មន្ត្រីបច្ចេកទេសផ្នែកអភិរក្សថ្ម ឱ្យដឹងថា ការធ្វើសម្រង់ប្លង់បង្កាន់ដៃនាគនៅខឿនជាន់ទី១នេះ មានប្រវែងសរុប៩៥០ម៉ែត្រ។ ការបំពេញការងាររយៈពេល១២ខែមកនេះ សម្រេចលទ្ធផលបានប្រវែងជាង៤៥០ម៉ែត្រ។ កិច្ចការសម្រង់ប្លង់នេះ មានសារសំខាន់ដើម្បីសិក្សាពីស្ថានភាពហានិភ័យនៃរចនាសម្ពន្ធសំណង់បង្កាន់ដៃនាគ ចំណុចដែលមានហានិភ័យខ្ពស់ ចំណុចធ្លាប់ជួសជុលសម័យមុនជាដើម។

ជាលទ្ធផលនៃការសិក្សាឃើញថា បង្កាន់ដៃនាគ និងខឿនជាន់ទី១ជុំវិញប្រាសាទ​អង្គរ​វត្ត មានចំណុចមួយចំនួនទទួលរងនូវហានិភ័យខ្ពស់ ដោយថ្មបង្កាន់​ដៃនាគ​មិនមានលំនឹង និងខឿនស្រុតជាដើម។ ដោយសារតែកត្តាអាយុកាលនៃសំណង់ កត្តាធម្មជាតិ ទឹកហូរច្រោះ និងសត្វល្អិតជាដើម។

បន្ទាប់ពីធ្វើសម្រង់ប្លង់រួចរាល់ អាជ្ញាធរជាតិអប្សរា មានគម្រោងជួសជុលពង្រឹង​បង្កាន់ដៃនាគនេះទៅតាមដំណាក់កាលជាបន្តទៀត។ អ្នកជំនាញរូបនេះ បញ្ជាក់ថា កាលពីអំឡុងឆ្នាំ២០២២-២០២៣ អាជ្ញាធរជាតិអប្សរា បានជួសជុល​ពង្រឹងបង្កាន់​ដៃនាគ និងខឿនជណ្ដើរ នៅទិសខាងត្បូងរបស់ប្រាសាទអង្គរវត្ត បានជោគជ័យរួច​មកហើយ៕