ប្រភពបាននិយាយថា ការវាយប្រហាររបស់អាមេរិកបរាជ័យក្នុងការបំផ្លាញទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់

ការវាយតម្លៃបឋមរបស់ភ្នាក់ងារចារកម្មបានរកឃើញថា ការវាយប្រហារតាមអាកាសរបស់អាមេរិកកាលពីថ្ងៃសៅរ៍ទី២១មិថុនាចុងសប្តាហ៍កន្លងទៅលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបីបានបរាជ័យក្នុងការបំផ្លាញសមាសធាតុសំខាន់ៗរបស់កម្មវិធី ដែលទំនងជាពន្យឺតការវិលត្រឡប់មកវិញនៃកម្មវិធីរបស់ទីក្រុងតេអេរ៉ង់ក្នុងពេលតែប៉ុន្មានខែប៉ុណ្ណោះ នេះបើយោងតាមប្រភពបីដែលបានដឹងពីបញ្ហានេះ។

ប្រភពពីរដែលបានសុំមិនបញ្ចេញឈ្មោះ បាននិយាយថា របាយការណ៍បឋមនេះ ត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារចារកម្មការពារជាតិ ដែលជាអង្គភាពស៊ើបការណ៍សំខាន់របស់មន្ទីរបញ្ចកោណ និងទីភ្នាក់ងារចារកម្មអាមេរិកមួយក្នុងចំណោមទីភ្នាក់ងារចារកម្មចំនួន ១៨។

ការវាយតម្លៃដែលបានចាត់ថ្នាក់នេះ គឺផ្ទុយគ្នាទៅនឹងសេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតី Donald Trump និងមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក រួមទាំងរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth ផងដែរ។ ពួកគេបាននិយាយថា ការវាយប្រហារកាលពីចុងសប្តាហ៍ ដែលប្រើការរួមបញ្ចូលគ្នានៃគ្រាប់បែកខួងចូលដល់គោលដៅរួចបំផ្ទុះកម្ទេច និងអាវុធសាមញ្ញជាច្រើនទៀត បានលុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដ៏សំខាន់។

លោក Trump បាននិយាយថា ការវាយប្រហារនេះគឺចាំបាច់ដើម្បីរារាំងអ៊ីរ៉ង់កុំឲ្យអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ អ៊ីរ៉ង់បានបដិសេធថាខ្លួនមិនបានស្វែងរកអាវុធបែបនេះទេ ហើយនិយាយថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់គោលបំណងសន្តិភាពតែប៉ុណ្ណោះ។

លោក Hegseth បាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយប្រហារបានលុបបំបាត់ មហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់ ចំណែកលោក Trump បាននិយាយថា ទីតាំងនុយក្លេអ៊ែរសំខាន់ៗរបស់អ៊ីរ៉ង់ត្រូវបាន បំផ្លាញចោលទាំងស្រុង។

មន្ត្រីអាមេរិកម្នាក់សុំមិនបញ្ចេញឈ្មោះបាននិយាយថា អាមេរិកពុំទាន់ដឹងពីទំហំនៃការខូចខាតពិតប្រាកដនៅឡើយទេ៕