កាតាថា អ៊ីរ៉ង់វាយមូលដ្ឋានអាមេរិក ជារឿង «មិនអាចទទួលយកបាន»

បរទេស ៖ នាយករដ្ឋមន្ត្រី ប្រទេសកាតា កាលពីថ្ងៃអង្គារ បាននិយាយថា ការបាញ់មីស៊ីលរបស់អ៊ីរ៉ង់ ស្រោចលើមូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសរបស់ខ្លួន គឺជាការវាយប្រហារ ដែលមិនអាចទទួលយកបាន។

លោក Sheikh Mohammed bin Abdulrahman bin Jassim Al-Thani នាយករដ្ឋមន្ត្រី កាតា បានប្រាប់អ្នកយកព័ត៌មានថា «ទីក្រុងដូហា នឹងបន្តអនុវត្ត វិធានការការទូត និងផ្លូវច្បាប់ ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់ លើមូលដ្ឋានទ័ព Al Udeid របស់សហរដ្ឋអាមេរិក»។

នាយករដ្ឋមន្ត្រីកាតា រូបនេះ បាននិយាយថា «ការរំលោភលើអធិបតេយ្យភាព របស់ប្រទេសកាតា គឺមិនអាចទទួលយកបានទេ ហើយគ្រប់វិធានការការទូត និងផ្លូវច្បាប់ នឹងត្រូវបានចាត់វិធានការ»។

គួរបញ្ជាក់ថា ថ្មីៗនេះ អ៊ីរ៉ង់បានបាញ់មីស៊ីល ទៅលើមូលដ្ឋានទ័ពអាមេរិក នៅប្រទេសកាតា ដើម្បីទុកជាការសងសឹកនឹងអាមេរិក ដែលបានទម្លាក់គ្រាប់បែក ដ៏ប្រល័យ B-2 Spirit លើទីតាំងនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ ចំនួន៣កន្លែង កាលពីថ្ងៃអាទិត្យ។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានផ្តើម បាញ់គ្រាប់ ចូលដីអ៊ីរ៉ង់ កាលពីថ្ងៃទី១៣ ខែមិថុនា ហើយអ៊ីរ៉ង់ក៏បានបាញ់សងសឹក ចូលដីអ៊ីស្រាអែលវិញ។ ក្រោមមក អាមេរិកបានទម្លាក់គ្រាប់បែក ដ៏ប្រល័យ លើរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ តែ អ៊ីរ៉ង់ បានសងសឹកវិញដែរ ដោយបានវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក នៅប្រទេសកាតា។ យ៉ាងណាមិញ ស្ថានការណ៍ចុងក្រោយ លោក Trump ថា អ៊ីស្រាអែល និងអ៊ីរ៉ង់ ព្រមឈប់បាញ់ តែ ក្រោយមក លោកថា ភាគីទាំងពីរ បានបំពាន វិញ៕

ប្រភពពី AFP