ឯកឧត្តម ហ៊ុន ម៉ានី ពីមុនក៏ជាកងទ័ពម្នាក់តែត្រូវផ្ទេរមកជាស៊ីវិលឈរឈ្មោះ​ជាតំណាងរាស្រ្ដខេត្តកំពង់ស្ពឺ

(ភ្នំពេញ)៖ យោងតាមសំណេរនៅលើបណ្តាញសង្គមហ្វេសបុកផ្លូវការ របស់ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ម្សិលមិញ ប្អូនប្រុសម្នាក់ បានសួរទៅពុក នៅពេលដែលពុកបានបង្ហោះពីកូនប្រុសទាំង៣។ ប្អូនប្រុសបានសួរថា «តើអាចស្នើ រឺបញ្ចូល ឯ.ឧ ហ៊ុន ម៉ានី ក្នុងក្របខណ្ឌយោធា បានទេ សម្ដេច? ខ្ញុំ ក៏មិនដឹងថា គាត់ពេញចិត្តចូលកងទ័ព ដូចជា ឪពុក បងប្រុស និងប្អូនប្រុស គាត់ រឺយ៉ាងណា?» ពុកបានឆ្លើយទៅសំណួរប្អូនប្រុសថា «ពីមុនក៏ជាកងទ័ពម្នាក់ តែត្រូវផ្ទេរ មកជាស៊ីវិល ឈរឈ្មោះជាតំណាងរាស្រ្ដខេត្តកំពង់ស្ពឺ»។

រឿងនេះ ធ្វើឱ្យខ្ញុំនឹកឃើញអនុស្សាវរីយ ដោយនៅពេលចូលធ្វើការនៅខុទ្ទកាល័យ របស់ សម្ដេចតេជោ គឺក្នុងក្របខណ្ឌជាមន្ត្រីរាជការស៊ីវិល ស្ថិតនៅក្រោម ទីស្ដីការ គណៈរដ្ឋមន្ត្រី រួចមកនៅពេលមានភាពតានតឹង ឈានទៅដល់ការប៉ះទង្គិច ប្រដាប់ អាវុធរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅឆ្នាំ២០០៨-២០១១ ជុំវិញព្រឹត្តិការណ៍នៃការឈ្លានពានដីជុំវិញប្រាសាទព្រះវិហារ។ នាពេលនោះគឺ ពុក បានផ្ទេរក្របខណ្ឌខ្ញុំ និងបងប្រុសរបស់ខ្ញុំ និត ពីក្របខណ្ឌស៊ីវិល ទីស្ដីការគណៈរដ្ឋមន្ត្រី ទៅក្របខណ្ឌក្រសួងការពារជាតិ។

ខាងក្រោមនេះ គឺជា អនុស្សាវរីយនៃការចុះទៅសួរសុខទុក្ខ ពូៗ បងៗ កងកម្លាំង​ជួរមុខនៅទិសឧត្តរមានជ័យនាពេលនោះ ៕