ពិព័រណ៍សៀវភៅ Big Bad Wolf Booksជាមួយនឹងសៀវភៅជាង១លានក្បាល ត្រូវបានគេរំពឹងថានឹងទទួលការចាប់អារម្មណ៍ខ្លាំងពីស្រទាប់យុវជន

(ភ្នំពេញ)៖ ពិព័រណ៍សៀវភៅដ៏ធំមួយដែលនឹងត្រូវរៀបចំឡើងនាសាលបុរីរុងរឿង ក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលាប ខណ្ឌ ជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ ដែល​នឹង​ចាប់ផ្តើមពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ២០២៥ ត្រូវបានគេ​រំពឹង​ថានឹងទទួលបានការចាប់អារម្មណ៍ពី យុវជន យុវនារី ដែលជាសិស្ស និស្សិត និងពលរដ្ឋកម្ពុជាគ្រប់ទិសទីដែលចូលចិត្តអានសៀវភៅ។

បញ្ជាក់ក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២៥នេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានឱ្យដឹងថា៖ ពិព័រណ៍លក់សៀវភៅ Big Bad Wolf Books នេះ នឹងមានការដាក់តាំងបង្ហាញលក់ចំនួនជាងមួយ​លាន​ក្បាល ហើយច្រើនជាង ២០,០០០ ចំណងជើង។ ការតាំងពិព័រណ៍លក់សៀវភៅ​នេះ​ដែរធ្វើឡើងដើម្បីលើកទឹកចិត្តឱ្យប្រជាពលរដ្ឋអានសៀវភៅ។សៀវភៅទាំង​អស់​នេះ​នឹងបាន​ផ្តល់នូវប្រភពសំខាន់ៗដែលជាចំណេះដឹងទៅឱ្យដល់ប្រជាពលរដ្ឋ សិស្ស និស្សិត។ ក្រៅពីនេះក៏ជាប្រភពស្រាវជ្រាវដល់យុវជនដែលអាច​នាំមកនូវ​ចំណេះដឹងថ្មីៗបន្ថែមទៀតក្រៅពីប្រទេសកម្ពុជា ក៏ដូចជាលំហ ប្រភពនៃចំណេះ​ដឹងក្នុងប្រទេសដទៃៗទៀតផងដែរ។

ឯកឧត្តម នេត្រ ភក្រ្តាមានប្រសាសន៍ថា”នេះជាដំណើរនៃចំណេះដឹង ដើម្បីផ្តល់នូវ​ជម្រើស​ទៅឱ្យប្រជាពលរដ្ឋ និងពិសេសយុវជន និងកុមារ ដែលសម្បូរសៀវភៅអាន ។ ប្រៀបធៀបទៅនឹងជំនាន់ទស្សវត្ស ៨០ និង៩០មិនសូវសម្បូរសៀវភៅអាន​បែប​នេះ​ទេ ប៉ុន្តែបច្ចុប្បន្នសម្បូរសៀវភៅអាន សម្បូរសៀវភៅភាសា ពិសេស​បរទេស​ទាំងនេះក៏នឹងផ្តល់នូវចំណេះដឹងទូទៅដល់ប្រជាពលរដ្ឋយើង“។

ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា៖”ឱកាសពិព័រណ៍សៀវភៅនេះគឺជាបណ្តុំ​នៃសៀវភៅផ្សេងៗដ៏ច្រើនដែលយុវជន សិស្សានុសិស្ស និស្សិត ក៏ដូចជាពលរដ្ឋ​គួរនាំគ្នារកទិញពីព្រោះថាយើងមិនចាំបាច់ចំណាយពេលទៅបរទេសរកទិញទេ ដោយសៀវភៅទាំងនេះត្រូវបានប្រមូលផ្តុំលក់នៅទីនេះស្រាប់ទៅហើយ។នេះជា​ការរុញសៀវភៅមកដល់ដៃបងប្អូនប្រជាពលរដ្ឋកម្ពុជាតែម្តង”។

ឯកឧត្តម នេត្រ ភក្រ្តាបានថ្លែងដែរថាការអានសៀវភៅច្រើនធ្វើឱ្យក្មេងៗមិន​ចាំបាច់ចំណាយក្នុងការទៅមើលបណ្តាញសង្គមច្រើន ដែលបានត្រឹមតែដឹង តែមិនបានផ្តល់ចំណេះដឹងនោះឡើយ។មានតែការអានសៀវភៅប៉ុណ្ណោះ​ដែលយើងទទួលបានចំណេះដឹង ពិតប្រាកដ ។ហេតុនេះបានជាក្រសួងព័ត៌មាន​ជំរុញលើកទឹកចិត្តឱ្យមានការអាន ហើយដែលការអាននេះ នឹងបានជួយពង្រឹង​ដល់កុមារមានចំណេះដឹងរឹងមាំ បន្ថែមទៀត។

លោកស្រី Jacqueline Ng សហស្ថាបនិករបស់ Big Bad Wolf Books បាន​បញ្ជាក់​ប្រាប់ថា ពិព័រណ៍សៀវភៅនេះដែរនឹងមានការបញ្ចុះតម្លៃ​រហូត​ដល់​៩៥​ភាគរយ ក្នុងនេះដែរតម្លៃសៀវភៅទាបបំផុតចាប់ពី១ដុល្លារ ក្នុងមួយក្បាល។ជាមួយ​គ្នានេះចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ សិស្ស-និស្សិតទាំងអស់នឹងទទួលបានការ​បញ្ចុះ​តម្លៃ ៥ភាគរយលើសៀវភៅប្រភេទមួយចំនួន ។ ដើម្បីទទួលបានការ​បញ្ចុះតម្លៃ​នេះ ពួកគេគ្រាន់តែបង្ហាញកាតសិស្សនិស្សិត ឬស្លៀកពាក់​ឯកសណ្ឋានសិស្សនិស្សិត​របស់​គេនៅពេលគិតលុយ។ កម្មវិធី បញ្ចុះតម្លៃនេះ ស័ក្តិសមបំផុតសម្រាប់​ក្រុម​សិស្សនិស្សិត និងអ្នកអានវ័យក្មេង ក្នុងការបង្កើតបណ្ណាល័យផ្ទាល់ខ្លួន។

លោកស្រីបានបញ្ជាក់បន្ថែមថា ពិព័រណ៍សៀវភៅនេះគឺជាលើកទី៤ហើយនៅ​កម្ពុជា​។ សម្រាប់សៀវភៅដែលគាត់បាននាំយកមកលក់នេះកន្លងមកត្រូវ​បានលក់ចេញ​បានប្រមាណជាង ៦០ភាគរយ ដែលនេះបង្ហាញថាការអានសៀវភៅ​ក្នុងស្រទាប់​យុវជនមានការកើនឡើងបន្តបន្ទាប់។

គួរបញ្ជាក់ថា ពិព័រណ៍លក់សៀវភៅនេះនឹងចាប់ផ្តើមពីថ្ងៃទីច័ន្ធដល់ថ្ងៃព្រហស្បតិ៍​ចាប់​ពីម៉ោង ១០ព្រឹកដល់ម៉ោង១០យប់ និងថ្ងៃសុក្រដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ១០ព្រឹកដល់ម៉ោង១២យប់នៅផ្សាររុងរឿងស្ថិតនៅក្នុងភូមិគៀនឃ្លាំង សង្កាត់​ព្រែក​លាប ខណ្ឌជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ ៕