សម្ដេចតេជោ ហ៊ុន សែន៖ ខ្ញុំស្ដាយណាស់ មិត្តភាព ៣០ឆ្នាំ បំផ្លាញដោយកូនស្រីរបស់មិត្តភក្ដិ

សម្ដេចតេជោ ហ៊ុន សែន៖ ខ្ញុំស្ដាយណាស់ មិត្តភាព ៣០ឆ្នាំ បំផ្លាញដោយកូនស្រីរបស់មិត្តភក្ដិ

(ព្រះវិហារ)៖ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការសោកស្ដាយចំពោះចំណងមិត្តភាពរវាងសម្ដេចជាមួយលោក ថាក់ ស៊ីន ដែលរាប់គ្នាជាបងប្អូនធម៌ជាង ៣០ឆ្នាំ ប៉ុន្តែត្រូវបំផ្លាញដោយសារតែកូនស្រី ឈ្មោះ ផែថងថាន ស៊ីណាវ៉ាត្រ ដែលបាត់បង់គុណធម៌ ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ដូច្នេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តព្រះវិហារចំនួន ៤៤៦នាក់ នៅសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ។

សម្ដេចតេជោ បានទម្លាយថា លោក ថាក់ស៊ីន សម្ដែងធ្វើជាគ្រុនញាក់ គ្រុនញ័រ គ្រុនត្រាក់ទ័រ គ្រុនឡាន គ្រុនបាយបាន គ្រុនសម្ដែង ដើម្បីគេចផុតពីដំណើរការក្ដីនៅតុលាការលើសំណុំរឿងជាច្រើន ។

សម្ដេចតេជោ បានទម្លាយទៀតថា នៅពេលសម្ដេចទៅសួរសុខទុក្ខ ថាក់ស៊ីន កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ថាក់ស៊ីន គ្មានឈឺជំងឺអ្វីឡើយ ប៉ុន្តែពេលថតរូបជាមួយសម្ដេច បែជាយកសម្ភារៈអ្នកជំងឺមកពាក់បំភាន់ភ្នែកពលរដ្ឋ និងសមត្ថកិច្ចថៃ។

សម្ដេចបន្តថា ពេលដែលសម្ដេច ទៅសួរសុខទុក្ខថាក់ស៊ីន សម្ដេចមិនដឹងទាល់តែសោះថា បុគ្គលនេះ សម្ដែងធ្វើជាឈឺ។ សម្ដេចតេជោ អញអាងថា មូលហេតុដែលសម្ដេច ទើបទម្លាយនៅពេលនេះ គឺព្រោះតែពេលសម្ដេចដឹងភ្លាមៗ សម្ដេចគោរពគុណធម៌ ទើបមិនទម្លាយ ហើយមូលហេតុដែលទម្លាយនៅពេលនេះ គឺដោយសារតែកូនស្រីរបស់លោក ថាក់ស៊ីន ជានាយករដ្ឋមន្ត្រីខ្វះគុណធម៌។

ជាមួយនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងចាត់ទុកការប្រមាថសម្តេច និងសម្តេចធិបតី ហ៊ុន ម៉ាណែត ថា គ្មានវិជ្ជាជីវៈ គឺជាការប្រមាថដែលមិនធ្លាប់មាន ។ នេះគឺជាលើកទី១ហើយ ដែលសម្តេច ទទួលការប្រមាថធ្ងន់ធ្ងរបែបនេះ។ ការប្រមាថនេះហើយ ដែលលោកជំទាវនាយករដ្ឋមន្ត្រីថៃ ត្រូវចាំ ភាសាគ្មានវិជ្ជាជីវៈ មិនត្រូវប្រើចំពោះអ្នកនយោបាយទេ ៕