(ខេត្តព្រះវិហារ)៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា បានអញ្ជើញចុះជួប សំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយសប្បុរសជន ជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ផ្តល់ជូនគ្រួសារកងទ័ព ៦៥គ្រួសារ ដែលបានភៀសខ្លួនចេញពីតំបន់មានបញ្ហាប្រឈមជាមួយទហានថៃ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅទីបញ្ជាការស្រាលសមរភូមិមុខទិសអានសេះ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
គ្រួសារកងទ័ពទាំង ៦៥គ្រួសារ ត្រូវបានជម្លៀសចេញពីតំបន់ប្រឈមបញ្ហាជាមួយទាហានថៃ មកកាន់ទីដែលមានសុវត្ថិភាព និងស្វាមីរបស់ពួកគាត់ កំពុងស្ថិតនៅតំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីឈរជើងការពារបូរណភាពទឹកដី ការពារការឈ្លានពានទឹកដីពីសំណាក់ទាហានថៃ។ អំណោយដែលត្រូវបានចែកជូនគ្រួសារកងទ័ពទាំង ៦៥គ្រួសារ នាពេលនោះ រួមមាន ៖ មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ អង្ករ ២០គីឡូក្រាម និងថវិកា ២ម៉ឺនរៀល ។
ក្រៅពីចែកអំណោយសប្បុរសជន លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ក៏បានចែកការ៉ុង សម្រាប់ច្រកដីធ្វើលេណដ្ឋាននៅតាមផ្ទះ ដើម្បីការពារខ្លួននៅពេលដែលមានសកម្មភាព ឬសភាពការណ៍កើតឡើង ។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានផ្ដាំផ្ញើដល់បងប្អូនគ្រួសារកងទ័ពទាំងអស់ ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពក្នុងការរស់នៅប្រចាំថ្ងៃ ឱ្យបានល្អ និងត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់គ្រប់ពេលវេលា បើមានហេតុការណ៍កើតឡើងជាយកថាហេតុភ្លាមៗណាមួយ៕
Leave a Reply