អ៊ីស្រាអែលសម្លាប់ពលរដ្ឋប៉ាឡេស្ទីនជាង៨០នាក់ និងបញ្ជាឲ្យជម្លៀសពីភាគខាងជើងហ្កាហ្សា ខណៈលោក Trump ជំរុញឱ្យមានបទឈប់បាញ់

អ៊ីស្រាអែល បានបញ្ជាឱ្យប្រជាជនប៉ាឡេស្ទីនជម្លៀសខ្លួនចេញពីផ្នែកខ្លះនៃភាគខាងជើងក្នុងដែនដីហ្កាហ្សា មុនពេលបង្កើនសកម្មភាពយោធា ខណៈប្រធានាធិបតីអាមេរិក Donald Trump ជំរុញឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់។

ប្រជាជនក្នុងសង្កាត់នានាទូទាំងទីក្រុងហ្កាហ្សា និងចាបាលីយ៉ា (Jabalia) ត្រូវបានគេប្រាប់ឱ្យផ្លាស់ទីទៅភាគខាងត្បូងឆ្ពោះទៅតំបន់ឆ្នេរ al-Mawasi ខណៈប្រតិបត្តិការយោធាអ៊ីស្រាអែល កាន់តែខ្លាំងក្លា និងពង្រីកទៅភាគខាងលិច។

ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា មនុស្សយ៉ាងហោចណាស់៨៦ នាក់ត្រូវបានសម្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលក្នុងរយៈពេល ២៤ ម៉ោងមុនថ្ងៃត្រង់កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុននេះ។

ឪពុកម្តាយរបស់ពួកគេបាននិយាយថា កុមារបីនាក់ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារលើអ្វីដែលគេហៅថាតំបន់សុវត្ថិភាព al-Mawasi ។

លោក Trump បានអំពាវនាវម្តងទៀតឱ្យ ធ្វើកិច្ចព្រមព្រៀងនៅហ្កាហ្សា និង នាំយកចំណាប់ខ្មាំងត្រឡប់មកវិញ។

កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុននេះ លោក Trump បាននិយាយនៅលើបណ្ដាញសង្គម Truth Social ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu កំពុងស្ថិតក្នុងដំណើរការចរចាកិច្ចព្រមព្រៀងជាមួយក្រុមហាម៉ាសនៅពេលនេះ។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Avichay Adraee បាននិយាយកាលពីថ្ងៃអាទិត្យថា យោធាអ៊ីស្រាអែលកំពុងធ្វើប្រតិបត្តិការនៅតំបន់ហ្កាហ្សាភាគខាងជើងដើម្បីលុបបំបាត់ភេរវករ និងហេដ្ឋារចនាសម្ព័ន្ធភេរវករ៕