អ៊ីរ៉ង់ បានព្រមានកាលពីថ្ងៃអាទិត្យថា ខ្លួនមានជំនឿតិចតួចប៉ុណ្ណោះលើការប្តេជ្ញាចិត្តរបស់អ៊ីស្រាអែលចំពោះបទឈប់បាញ់ដ៏ផុយស្រួយ ដែលបានបញ្ចប់ការប្រឈមមុខដាក់គ្នាដ៏តានតឹង និងដ៏មហន្តរាយបំផុតរវាងសត្រូវទាំងពីររហូតមកដល់បច្ចុប្បន្ននេះ។
សង្រ្គាមរយៈពេល១២ថ្ងៃ បានផ្ទុះឡើងកាលពីថ្ងៃទី ១៣ ខែមិថុនា នៅពេលដែលអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែកនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលបានសម្លាប់មេបញ្ជាការយោធាជាន់ខ្ពស់ និងអ្នកវិទ្យាសាស្ត្រ ដែលពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ទីក្រុងតេអេរ៉ង់ បានឆ្លើយតបវិញដោយការវាយប្រហារដោយមីស៊ីលបាលីស្ទីកទៅលើទីក្រុងជាច្រើនរបស់អ៊ីស្រាអែល។
អ៊ីស្រាអែល និយាយថា គោលបំណងរបស់ខ្លួនគឺដើម្បីទប់ស្កាត់សាធារណៈរដ្ឋអ៊ីស្លាមមួយនេះពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ជាមហិច្ឆតាដែលទីក្រុងតេអេរ៉ង់បានច្រានចោលជាបន្តបន្ទាប់។ ការប្រយុទ្ធគ្នា បានបង្អាក់កិច្ចចរចានុយក្លេអ៊ែររវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិក ដែលក្រោយមកបានចូលរួមក្នុងយុទ្ធនាការរបស់អ៊ីស្រាអែលជាសម្ព័ន្ធមិត្តរបស់ខ្លួនដោយការវាយប្រហារទៅលើរោងចក្រនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។
លោក Abdolrahim Mousavi នាយសេនាធិការកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ីរ៉ង់ ត្រូវបានដកស្រង់សម្តីដោយទូរទស្សន៍រដ្ឋដោយនិយាយសំដៅទៅលើអ៊ីស្រាអែលថា «យើងពុំបានចាប់ផ្តើមសង្រ្គាមទេ ប៉ុន្តែយើងបានឆ្លើយតបទៅនឹងអ្នកឈ្លានពានយើង» ហើយយើងមានមន្ទិលសង្ស័យយ៉ាងខ្លាំងលើការអនុវត្តរបស់សត្រូវជុំវិញការប្តេជ្ញាចិត្តរបស់ខ្លួន រួមទាំងបទឈប់បាញ់ ខណៈយើងក៏បានត្រៀមជាស្រេចដើម្បីឆ្លើយតបដោយកម្លាំង» ប្រសិនបើត្រូវបានវាយប្រហារជាថ្មីម្តងទៀត។ ជម្លោះនេះ បានធ្វើឱ្យទំនាក់ទំនងរង្គោះរង្គើរវាងអ៊ីរ៉ង់ និងទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) របស់អង្គការសហប្រជាជាតិ។ អ៊ីរ៉ង់ បានច្រានចោលសំណើរបស់ទីភ្នាក់ងារ IAEA ដើម្បីត្រួតពិនិត្យទីតាំងនុយក្លេអ៊ែរដែលត្រូវបានទម្លាក់គ្រាប់បែក ដោយចោទប្រកាន់ប្រធានរបស់ទីភ្នាក់ងារលោក Rafael Grossi ពីបទ «ក្បត់តួនាទីរបស់លោក» ដោយពុំបានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក។
Leave a Reply