គោលនយោបាយ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ រក្សាលំនឹងថ្លៃកសិផល ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំទូទាំងប្រទេស

(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងពីកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងការរក្សាលំនឹងថ្លៃកសិផល ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំទូទាំងប្រទេស និងការរៀបចំសហគមន៍កសិកម្មទំនប ដើម្បីជួយគាំទ្របច្ចេកទេស ផលិតកម្ម ទីផ្សារ និងសេដ្ឋកិច្ច ស្របតាមទស្សនទាន “មានហូប មានប្រើមានបាន និងមានរហូត”។

ទាក់ទងនឹងតួនាទីភារកិច្ច មន្ត្រីកសិកម្មឃុំ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យប្អូនៗសហការស្នើសុំការគាំទ្រពីអ្នកជំនាញក្នុងករណីចាំបាច់ តាមលេខ ១២៨៩ ព្រមទាំងពិនិត្យវាយតម្លៃស្ថានភាពឱ្យបានច្បាស់លាស់ ដោះស្រាយបញ្ហាឱ្យចំគោលដៅ កាត់បន្ថយថ្លៃដើមផលិត និងជំរុញកសិករផ្សារភ្ជាប់នឹង សហគមន៍កសិកម្មទំនើប ដែលអាចឱ្យក្រសួងកសិកម្ម មានលទ្ធភាពជួយគាំទ្រឱ្យកសិករទទួលផលចំណេញសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាព។

ការថ្លែងឡើង របស់ ឯកឧត្តមរដ្ឋមន្ត្រី នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា ឯកឧត្តម អ៊ុ រាត្រី គណៈអភិបាលខេត្តបន្ទាយមានជ័យ ៕ប្រភព ៖ ក្រសួងកសិកម្ម