បន្ទាយមានជ័យ៖ ក្នុងពិធីសម្ពោធឆ្លងសមទ្ធិផលមួយចំនួននៅវត្តភ្នំព្រះ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យកាលពីចុងសប្ដាហ៍កន្លងទៅនេះសម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា អនុប្រធានថេរសភានៃពុទ្ធសាសនាព្រះរាជា ណាចក្រកម្ពុជាបានមានថេរដិកាថា ព្រះសង្ឃក៏មានកាតព្វកិច្ច និមន្តចូលរួមថែរក្សាពុទ្ធសានា ពិសេសចូលរួមការពារបូរណភាពទឹកដីផងដែរ តាមរយៈនៃការផ្តល់អំណោយផ្សេងៗដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារមាតុភូមិ។
សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា មានថេរដិកាបន្ដថា ព្រះសង្ឃក្រៅពីអប់រំអំពើល្អដល់ពុទ្ធបរិស័ទ ជាមួយការលើកស្ទួយវិស័យពុទ្ធសាសនា រួមទាំងអក្សរសាស្ត្រផងនោះព្រះសង្ឃគ្រប់អង្គចាំបាច់ក៏មានកាតព្វកិច្ចនិមន្តចូលរួមការពារបូរណភាពទឹកដីជាមួយកងកម្លាំងប្រដាប់អាវុធ តាមរយៈនាំយកនូវទេយ្យវត្ថុគ្រឿងបរិភោគ និងបច្ច័យទៅឧបត្ថម្ភដល់កងទ័ពនៅព្រំដែន។
សម្តេចព្រះឧត្តមចរិយាបណ្ឌិតបានបន្តថា ព្រះសង្ឃ ក៏ដូចពុទ្ធបរិស័ទ មន្ត្រីរាជការ ជាអ្នកនៅសមរភូមិក្រោយដែលជាកម្លាំងចិត្តជួយឧបត្ថម្ភគាំទ្រសមរភូមិមុខដែលមិនអាចខ្វះបាន។ក្នុងតម្លៃណាក៏ដោយ យើងរួមសាមគ្គីគ្នាជាកម្លាំងក្នុងការថែរក្សាសន្តិភាព ការពារទឹកដីខ្មែរឱ្យបានគង់វង់តរៀងរហូត។
ព្រះតេជគុណ ចាន់ សុជន ព្រះចៅអធិការវត្តភ្នំព្រះមានសង្ឃដិកាថា សមិទ្ធផលដែលសម្ពោធឆ្លងពេលរួមមាន ស្នាមព្រះបាតមួយគូនិងរោង ,កុដិ ២ខ្នង, ពុទ្ធបដិមាមួយព្រះអង្គធំទំហំ១.២ម៉ែត្រ សរុបជាទឹកប្រាក់ចំនួន ៦៦ ០០០ ដុល្លារអាមេរិកដែលជាសទ្ធារបស់សប្បុរសជនក្នុងនិងក្រៅប្រទេស៕
Leave a Reply