ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ៖ ក្រុមគ្រូពេទ្យ ត្រូវផ្តោតសំខាន់លើក្រមសីលធម៌វិជ្ជាជីវៈ និងបង្កើតវប្បធម៌ចែករំលែក អ្នកចេះ ចែករំលែកដល់អ្នកមិនទាន់ចេះ

នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាល ជំរុញឱ្យគ្រូពេទ្យគ្រប់មូលដ្ឋានសុខាភិបាល ខិតខំពង្រឹងការលើកកម្ពស់ការអប់រំសុខភាពដល់ប្រជាជន តាមគ្រប់រូបភាព ដោយខិតខំជំរុញការចូលរួមរបស់សាធារណជន និងលើកកម្ពស់ការយល់ដឹងលើការការពារជំងឺមិនឆ្លង និងប្រព័ន្ធភាពស៊ាំនឹងឱសថប្រឆាំងមេរោគ។

បន្តពង្រឹងនិយ័តកម្មឱសថឱ្យបានម៉ឺងម៉ាត់ ទាំងការផលិត ការលក់ ការចែកចាយ និងការតាមដានគុណភាព សុវត្ថិភាព និងការផ្សព្វផ្សាយ ឱសថ និងខិតខំគ្រប់មធ្យោបាយ ពង្រឹងការប្រើប្រាស់ឱសថឱ្យបានត្រឹមត្រូវ ជាពិសេសឱសថដែលតម្រូវឱ្យមានវេជ្ជបញ្ជា។

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជំរុញបែបនេះ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្នុងសន្និសីទវិទ្យាសាស្រ្តប្រចាំឆ្នាំ ស្តីពី «អភិវឌ្ឍន៍ចំណេះដឹង និងជំនាញ ដើម្បីបម្រើសេវាសុខាភិបាល កាន់តែប្រសើរ» ដែលមានការចូលរួមផងដែរ ពីសំណាក់ ឯកឧត្តម Jaques Pellet ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា ។

ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមថាសន្និសីទវិទ្យាសាស្រ្តនេះ នឹងក្លាយជាវេទិកា នៃការផ្លាស់ប្តូរចំណេះដឹង និងបច្ចេកទេសវេជ្ជសាស្រ្តថ្មីៗ រវាងប្រទេសកម្ពុជា និងប្រទេសបារាំង។

ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួន ដល់អង្គសន្និសីទ ដើម្បីជាកិច្ចពិភាក្សាឱ្យបានផុសផុល បង្កើតនូវគំនិតស្រាវជ្រាវ នវានុវត្តន៍ សម្រាប់ការព្យាបាល ថែទាំអ្នកជំងឺ ។

សន្និសីទវិទ្យាសាស្រ្តមានរយៈពេល ០២ថ្ងៃនេះ នឹងចែករំលែកចំណេះដឹងវិទ្យាសាស្រ្ត និងលទ្ធផលស្រាវជ្រាវថ្មីៗ ព្រមទាំងផ្តល់ឱកាសជូនវាគ្មិន និងក្រុមគ្រូពេទ្យកម្ពុជា ប្រកបដោយសក្តានុពល ធ្វើការពិភាក្សា ផ្លាស់ប្តូរយោបល់ លើការងារស្រាវជ្រាវ ទាក់ទងនឹងប្រធានបទចំនួន៤ សំខាន់ៗរួមមាន ៖ ភាពស៊ាំនៃឱសថប្រឆាំងមេរោគ (AMR) មេរោគ papillomavirus humain (HPV) ដែលអាចបង្កជាជំងឺមហារីកមាត់ស្បូន ជំងឺមហារីកថ្លើម (Hepatocellular carcinoma) និងជំងឺទឹកនោមផ្អែម

ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំ និងលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ តាមរយៈសន្និសីទនេះ នឹងផ្តល់ឱកាសក្នុងការផ្តល់ជាអត្ថប្រយោជន៍ដែលនឹង ទទួលបានការចែករំលែកបទពិសោធន៍ ទទួលបានចម្លើយពី សាស្រ្តាចារ្យជំនាញ និងត្រូវយកចំណេះដឹងនេះ ទៅរៀបចំបំពេញការងារ និងអនុវត្តឱ្យស្របតាមសភាពការ ដែលក្លាយជាស្តង់ដាមួយប្រកបដោយគុណភាព និងប្រសិទ្ធភាព ៕