ជនជាតិប៉ាឡេស្ទីន ៩០ នាក់បានស្លាប់ ខណៈអ៊ីស្រាអែល កំណត់គោលដៅលើមេយោធាក្រុមហាម៉ាស

ក្រសួងសុខាភិបាលនៃតំបន់ហ្កាហ្សាបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៩០ នាក់នៅក្នុងតំបន់មនុស្សធម៌ ដែលត្រូវបានបង្កើតនៅហ្កាហ្សា កាលពីថ្ងៃសៅរ៍ (១៣ កក្កដា) នៅក្នុងការវាយប្រហារដែលអ៊ីស្រាអែល បាននិយាយថាបានកំណត់គោលដៅលើប្រមុខយោធាក្រុមហាម៉ាស លោក ម៉ូហាម៉េដ ដេហ្វ (Mohammed Deif)។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា គេនៅតែមិនច្បាស់ទេថាតើលោក Deif និងមេបញ្ជាការក្រុមហាម៉ាស ម្នាក់ទៀតត្រូវបានសម្លាប់ ឬយ៉ាងណា ហើយបានបេជ្ញាថានឹងបន្តកំណត់គោលដៅលើថ្នាក់ដឹកនាំក្រុមហាម៉ាស ដោយនិយាយថា សម្ពាធយោធាបន្ថែមទៀតលើក្រុមនេះនឹងពង្រឹងឱកាសនៃកិច្ចព្រមព្រៀងចំណាប់ថ្នូរ។

មន្ត្រីជាន់ខ្ពស់ហាម៉ាសម្នាក់បាននិយាយថា ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមហាម៉ាសបានបដិសេធថាលោក Deif មិនត្រូវបានគេសម្លាប់ទេ។ នៅមុននោះ ក្រុមហាម៉ាសបាននិយាយថា ការអះអាងរបស់អ៊ីស្រាអែល ដែលថាខ្លួនបានកំណត់គោលដៅលើមេដឹកនាំរបស់ខ្លួនគឺជារឿងមិនពិតទេ ដោយនោះគ្រាន់តែចង់បង្ហាញពីភាពត្រឹមត្រូវនៃការវាយប្រហារដ៏បង្ហូរឈាមបំផុតរបស់ខ្លួននៅតំបន់ហ្កាហ្សា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះប៉ុណ្ណោះ។

ជនភៀសខ្លួនដែលជ្រកកោននៅតំបន់នោះបាននិយាយថា តង់របស់ពួកគេបានខ្ទេចខ្ទី ហើយសាកសពមនុស្សបានរាយប៉ាយនៅលើដី។ ប្រមុខអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) នៅក្នុងសេចក្តីថ្លែងការណ៍មួយ បាននិយាយថា លោកមានការភ្ញាក់ផ្អើល និងសោកស្ដាយចំពោះការស្លាប់របស់ជនស៊ីវិល ហើយបានគូសបញ្ជាក់ថា «ពុំមានទីណាដែលសុវត្ថិភាពទេនៅក្នុងតំបន់ហ្កាហ្សា»៕