ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី លើកទឹកចិត្តសិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងរៀនសូត្រដើម្បី ទទួលបានជោគជ័យក្នុងជីវិត
កំពង់ស្ពឺ៖ នៅខេត្តកំពង់ស្ពឺកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ សិស្សានុសិស្សនៃសាលាបឋមសិក្សាចំនួន៤ ក្នុង«កម្មវិធី ប៉ាម៉ានី» ដែលប្រព្រឹត្តទៅសង្កាត់រការធំ ក្រុងច្បារមន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តកំពង់ស្ពឺ បានលើកទឹកចិត្តដល់ក្មួយៗ សិស្សានុសិស្សឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រដើម្បីទទួលបានជោគជ័យក្នុងជីវិត។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបន្តថា គោលបំណងនៃ«កម្មវិធី ប៉ាម៉ានី»នេះគឺដើម្បីលើកទឹកចិត្តដល់កុមារឱ្យប្រឹងប្រែងរៀនសូត្រពីតូច ជាពិសេសហាត់ពត់លត់ដំឱ្យមានឥរិយាបថវិជ្ជមាន សម្រាប់ការរស់នៅប្រចាំថ្ងៃ ដែលនឹង ជួយដល់កុមារនៅថ្ងៃអនាគត។កម្មវិធីនេះបានជួយជំរុញបន្ថែមឱ្យកុមារដឹងពីគុណតម្លៃនៃការសិក្សា បំផុសឱ្យកុមារស្រលាញ់ និងខិតខំសិក្សា រៀនសូត្រ ក៏ដូចជាលើកទឹកចិត្តឱ្យឪពុកម្តាយ ឬអាណាព្យាបាល ជំរុញកូនៗ ឱ្យខិតខំសិក្សារៀនសូត្រ។ ទន្ទឹមនេះ យើងបានរួមគ្នា ចែករំលែកក្តីស្រលាញ់ពីក្រុមការងារប៉ាម៉ានី តាមរយៈការផ្តល់អាហារឆ្ងាញ់ និងលេងល្បែងកំសាន្ត ណែនាំប្អូនៗ ក្មួយៗឱ្យចេះអនាម័យ សម្អាតខ្លួនប្រាណ ហើយបណ្តុះគំនិតឱ្យកុមារចេះសហការធ្វើការងារជាក្រុមតាមរយៈការលេងល្បែងកំសាន្ត នានាផងដែរ។
ក្នុងកម្មវិធីដដែលឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជន សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា(ស..ស.យ.ក.) ក្រុមការងារប៉ាម៉ានី ព្រមទាំង អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែល តែងតែចូលរួមឧបត្ថម្ភគាំទ្រ និងលះបង់ពេលវេលាផ្ទាល់ខ្លួន ជួយសម្របសម្រួលនិងចូលរួមចែករំលែកក្តី ស្រលាញ់ដល់កូនៗនិងអរគុណចំពោះអង្គការផ្ទះបាយកុមារដែលបានខិតខំប្រឹងប្រែងបំពេញកិច្ចការដ៏ប្រពៃមួយនេះជួយដល់កុមារដែលជួបការលំបាកនិង ខ្វះខាត។
ឯកឧត្តមបញ្ជាក់បន្ថែមថា ការជួបជុំថ្ងៃនេះមិនមែនជាថ្ងៃចុងក្រោយនោះទេ នៅប៉ុន្មានខែខាងមុខទៀតនឹងជួបជុំគ្នា ម្តងទៀតដើម្បីអបអរសាទរបុណ្យណូអែលដូចដែលបានជួបគ្នាជារៀងរាល់ឆ្នាំ៕
Leave a Reply