ប៉េកាំង ៖ រដ្ឋាភិបាលបានប្រកាសអាសន្ននៅខេត្ត Zhejiang ភាគខាងកើតប្រទេសចិន ក្នុងបំណងចាត់វិធានការឆ្លើយតបជាបន្ទាន់ ទប់ទល់នឹងឥទ្ធិពលខ្យល់ព្យុះ Danas ដែលជាព្យុះទីហ្វុងទី៤ ក្នុងឆ្នាំនេះ។
យោងតាមអ្នកសង្កេតការណ៍ឧតុនិយមរបស់ខេត្ត បានឲ្យដឹងថា ព្យុះទីហ្វុង Danas ត្រូវបានរំពឹងថា នឹងផ្លាស់ទីទៅភាគឦសានក្នុងល្បឿនពី ១០ទៅ១៥គីឡូម៉ែត្រក្នុងមួយម៉ោង ដោយឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ពីភាគខាងត្បូងទៅខាងជើងចាប់ពីរសៀលថ្ងៃអាទិត្យដល់ព្រឹកថ្ងៃចន្ទនេះ។
ក្នុងថ្ងៃចន្ទនេះ ព្យុះទីហ្វុង Danas នឹងធ្វើដំណើរទៅដល់សមុទ្រចិនខាងកើត ហើយចាប់ផ្តើមបោកបក់នៅចន្លោះពេលរសៀល និងយប់ថ្ងៃអង្គារ នៅតាមតំបន់ឆ្នេរ ចាប់ពីភាគកណ្តាល និងភាគខាងត្បូងខេត្ត Zhejiang ទៅភាគខាងជើងខេត្ត Fujian។
ទន្ទឹមនេះ រដ្ឋបាលខេត្ត Zhejiang បានជំរុញឱ្យអាជ្ញាធរតំបន់ឆ្នេរ និងនាយកដ្ឋានទាំងអស់ តាមដានយ៉ាងដិតដល់ពីផ្លូវដែលព្យុះទីហ្វុងត្រូវឆ្លងកាត់, ពង្រឹងការពិគ្រោះយោបល់រួមគ្នា និងអនុវត្តវិធានការបង្ការ ស្របតាមផែនការប្រកាសអាសន្ន។
វិធានការទាំងនេះ រួមមានការកោះហៅនាវា និងទូកនេសាទចូលចតជាបន្ទាន់, ផ្អាកចរាចរណ៍ផ្លូវសមុទ្រ, បញ្ឈប់គម្រោងសាងសង់ និងបិទតំបន់ទេសចរណ៍តាមសមុទ្រ។
ក្រុមសង្កេតការណ៍ជាតិចិនក៏បានបន្តការប្រកាសអាសន្នពណ៌លឿងសម្រាប់ព្យុះទីហ្វុង Danas កាលពីថ្ងៃអាទិត្យផងដែរ ខណៈដែលព្យុះទីហ្វុងនេះ ត្រូវបានរំពឹងថា នឹងនាំមកនូវខ្យល់បក់បោកខ្លាំង និងភ្លៀងធ្លាក់យ៉ាងសន្ធាប់វាយប្រហារផ្នែកភាគខាងត្បូងនៃប្រទេសចិន។
គួរកត់សម្គាល់ ប្រទេសចិនមានប្រព័ន្ធព្រមានអាកាសធាតុពណ៌ចំនួនបួនពណ៌សម្រាប់ព្យុះទីហ្វុង ដោយពណ៌ក្រហមតំណាងឱ្យការព្រមានធ្ងន់ធ្ងរបំផុត បន្ទាប់ មកពណ៌ទឹកក្រូច ពណ៌លឿង និងពណ៌ខៀវ៕
ប្រភព ៖ ស៊ីនហួរ
Leave a Reply