លោក Netanyahu ជឿថានឹងមានបទឈប់បាញ់ ក្រោយជួបលោក Trump

បរទេស ៖ លោក Netanyahu នាយករដ្ឋមន្ត្រី នៃប្រទេសអ៊ីស្រាអែល បាននិយាយថា ជំនួបរបស់លោក ជាមួយលោក Trump អាចជួយជំរុញឲ្យមានកិច្ចព្រមព្រៀង នៅតំបន់ Gaza។

លោក Benjamin Netanyahu បាននិយាយ កាលពីថ្ងៃអាទិត្យថា លោករំពឹងពីកិច្ចប្រជុំ នាពេលខាងមុខ ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ដែលអាចជួយជំរុញ ឱ្យមានកិច្ចព្រមព្រៀង «បទឈប់បាញ់» និង ការដោះលែងចំណាប់ខ្មាំង។

លោក Netanyahu បានប្រាប់អ្នកយកព័ត៌មាន បែបនេះ នៅឯអាកាសយានដ្ឋាន Ben Gurion មុនពេលឡើងយន្តហោះប្រធានាធិបតី ទៅកាន់ទីក្រុង Washington។ លោក បានអះអាងថា «យើងកំពុងធ្វើការ ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងនេះ ដែលយើងបានពិភាក្សា ក្រោមលក្ខខណ្ឌបានព្រមព្រៀងគ្នា…ខ្ញុំបានបញ្ជូនក្រុមចរចា ទៅកាន់ទីក្រុង Doha ជាមួយនឹងការណែនាំ ច្បាស់លាស់…ខ្ញុំគិតថា កិច្ចប្រជុំជាមួយប្រធានាធិបតី Trump ពិតជាអាចជួយជំរុញ ដល់កិច្ចព្រមព្រៀងនេះ ដែលយើងទាំងអស់គ្នា សង្ឃឹម»។

សូមបញ្ជាក់ថា អ៊ីស្រាអែល បានបើកការវាយលុករបស់ខ្លួន នៅតំបន់ហ្គាហ្សា ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ពួកហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលបានបណ្តាលឱ្យមនុស្សចំនួន ជាង១ពាន់នាក់ បានស្លាប់ ភាគច្រើន គឺជាជនស៊ីវិល។
យុទ្ធនាការយោធាសងសឹក របស់អ៊ីស្រាអែល បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ជាង៥៧.១០០នាក់ នៅតំបន់ហ្កាហ្សា ដែលភាគច្រើន ជាជនស៊ីវិល នេះបើយោងតាមក្រសួងសុខាភិបាលរបស់ក្រុមហាម៉ាស់។ អង្គការសហប្រជាជាតិ ចាត់ទុក តួលេខទាំងនេះថា អាចជឿទុកចិត្ត បាន៕

ប្រភពពី AFP